(ប៉េកាំង)៖ «ស្ថានភាពអន្តរជាតិមានភាពកាន់តែច្របូកច្របល់ ការប្រកួតប្រជែងសកលក៏កាន់តែលេចធ្លោ ហើយក៏កាន់តែបង្ហាញឱ្យឃើញនូវសារសំខាន់ នៃទំនាក់ទំនងរវាងចិននិងសហភាពអឺរ៉ុបផងដែរ»។ ថ្ងៃទី១ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិន បានជួបពិភាក្សាជាមួយលោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងប៉េកាំង។ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវសំណើចំនួន៤ចំណុច ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងចិននិងអឺរ៉ុប ដោយរំពឹងថាសហភាពអឺរ៉ុប នឹងក្លាយទៅជាដៃគូដ៏សំខាន់របស់ប្រទេសចិន ក្នុងការដើរលើផ្លូវនៃការធ្វើទំនើបកម្មតាមបែបផែនចិន។

លោក Michel បានសំដែងថា សហភាពអឺរ៉ុបរីករាយធ្វើជាដៃគូសហប្រតិបត្តិការ ដែលអាចជឿទុកចិត្តបានរបស់ប្រទេសចិន។ នេះបានបង្ហាញពីឆន្ទៈវិជ្ជមានរបស់ភាគីទាំង២ ក្នុងការជំរុញទំនាក់ទំនងរវាងចិននិងអឺរ៉ុប ឱ្យវិវឌ្ឍរីកចម្រើនទៅមុខ។ ដំណើរទស្សនកិច្ចនៅប្រទេសចិន របស់លោក Michel លើកនេះ គឺជាការជួបប្រាស្រ័យផ្លូវការលើកដំបូងរវាងមេដឹកនាំកំពូលចិន និងថ្នាក់ដឹកនាំស្ថាប័នសហភាពអឺរ៉ុប បន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០។

នេះហើយក៏ជាដំណើរទស្សនកិច្ចនៅប្រទេសចិន លើកដំបូងបន្ទាប់ពីលោកឡើងកាន់មុខតំណែង ជាប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។ វេបសាយផ្លូវការនៃក្រុមប្រឹក្សាអឺរ៉ុប បានចេញផ្សាយដំណឹងនាពេលថ្មីៗកន្លងទៅនេះថា ក្នុងបរិបទនៃភូមិសាស្ត្រនយោបាយ និងបរិយាកាសសេដ្ឋកិច្ចដ៏តានតឹងបែបនេះ ដំណើរទស្សនកិច្ចលើកនេះគឺជា «ឱកាសទាន់ពេលវេលា» សម្រាប់អឺរ៉ុបនិងចិន ធ្វើការប្រាស្រ័យទាក់ទងគ្នា។

ចិននិងអឺរ៉ុបគឺជាកម្លាំងធំ២ ក្នុងការគាំពារសន្តិភាពពិភពលោក ជាទីផ្សារធំ២សម្រាប់ជំរុញការអភិវឌ្ឍរួម និងជាអរិយធម៌ធំ២ សម្រាប់ជំរុញវឌ្ឍនភាពរបស់មនុស្សជាតិ។ ជានិច្ចកាល ភាគីចិនតែងតែប្រើក្រសែភ្នែកយុទ្ធសាស្រ្ត និងវែងឆ្ងាយទៅមើលទំនាក់ទំនងរវាងចិននិងអឺរ៉ុប ។

«ត្រូវប្រកាន់ខ្ជាប់នូវការយល់ដឹងដ៏ត្រឹមត្រូវ» «ត្រូវគ្រប់គ្រងការខ្វែងគំនិតគ្នាឱ្យបានសមរម្យ» «ត្រូវធ្វើកិច្ចសហប្រតិបត្តិការ ដែលមានកម្រិតកាន់តែខ្ពស់» «ត្រូវពង្រឹងការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ» លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតចំនួន៤ចំណុច ស្តីពីការពង្រីកទំនាក់ទំនងរវាងចិននិងអឺរ៉ុបក្នុងកិច្ចជំនួប ដែលបានផ្តល់វិធីរួមរស់នៅជាមួយគ្នា ដ៏ត្រឹមត្រូវសម្រាប់ភាគីទាំង២។

ក្នុងជំនួបពិភាក្សា លោក Michel បានសន្យាថា សហភាពអឺរ៉ុបប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន សហភាពអឺរ៉ុបរីករាយរៀបចំការប្រាស្រ័យទាក់ទង ជាន់ខ្ពស់ជាមួយភាគីចិនក្នុងដំណាក់កាលក្រោយឱ្យបានល្អ ឆ្លងតាមរយៈការពង្រឹងកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការដោយផ្ទាល់ ដើម្បីកាត់បន្ថយការយល់ច្រឡំនិងការវិនិច្ឆ័យខុស ក៏ដូចជាបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហការគ្នា។ ការសម្តែងឥរិយាបថទាំងនេះ គឺវិជ្ជមានណាស់។

កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាកត្តាគន្លឹះ នៃទំនាក់ទំនងរវាងចិននិងអឺរ៉ុបជាប់រហូតមក។ ក្នុងរយៈពេល១០ខែដំបូងក្នុងឆ្នាំនេះ ទំហំពាណិជ្ជកម្មសរុបរវាងចិននិងអឺរ៉ុប បានឡើងដល់ ៧សែន ១ម៉ឺន ១ពាន់ ៤រយលានដុល្លារអាមេរិក ដែលបានកើនឡើង៦ក្បៀស៣ភាគរយ។ ប្រទេសចិនបានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទី១ របស់សហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបបន្តក្លាយជាដៃគូពាណិជ្ជកម្មធំទី២ របស់ប្រទេសចិន។ ចិននិងអឺរ៉ុបបានបង្កើតជាទំនាក់ទំនងបំពេញបន្ថែមគ្នា ខាងសេដ្ឋកិច្ចយ៉ាងខ្លាំង។

ស្ថានការណ៍អន្តរជាតិមានភាពកាន់តែច្របូកច្របល់ កិច្ចសហប្រតិបត្តិការរវាងចិននិងអឺរ៉ុបក៏កាន់តែមានសារសំខាន់។ សង្ឃឹមថា ភាគីអឺរ៉ុបអាចប្រកាន់ខ្ជាប់នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ រួមសហការជាមួយភាគីចិន ដើម្បីជំរុញទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងអឺរ៉ុប ដើរឱ្យកាន់តែឆ្ងាយនិងកាន់តែរឹងមាំ និងនាំមកនូវឱកាសកាន់តែច្រើន ដល់គ្នាទៅវិញទៅមក ហើយក៏បានបំពេញបន្ថែមនូវស្ថិរភាព និងភាពប្រាកដប្រជាកាន់តែច្រើន ដល់ពិភពលោកដែលមានភាពច្របូកច្របល់៕

វិទ្យុមិត្តភាពកម្ពុជាចិន