(ប៉េកាំង)៖ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) លោក ឆាឡេស មីកឆែល (Charles Michel) បានជំរុញដល់ប្រធានាធិបតីចិន លោក ស៉ី ជិនពីង ឲ្យប្រើប្រាស់ «ឥទ្ធិពល» លើរុស្ស៉ីជុំវិញសង្រ្គាមអ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងចេញពីទីក្រុងប៉េកាំង លោក មីកឆែល បានកត់សម្គាល់ថា «បញ្ហាសង្រ្គាមបានធ្វើឲ្យយើងចំណាយពេលច្រើនក្នុងកិច្ចប្រជុំរយៈពេល៣ម៉ោង ដែលមានការពិភាក្សាគ្នាស្តីពីពាណិជ្ជកម្ម អាកាសធាតុ សិទ្ធិមនុស្ស ការស្តារឡើងវិញក្រោយវិបត្តិកូវីដ-១៩ តំបន់ស៉ីនជាំង និងកោះតៃវ៉ាន់ ផងដែរ។ ខ្ញុំបានជំរុញដល់លោកប្រធានាធិបតី ស៉ឺ ដូចដែលយើងបានធ្វើនៅក្នុងកិច្ចប្រជុំកំពូល EU-ចិន កាលពីខែមេសា ឲ្យប្រើឥទ្ធិពលរបស់លោកលើប្រទេសរុស្ស៊ី ឲ្យគោរពធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ»

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV លោក ស៉ី បានប្រាប់ លោក មីកឆែល ថា ប្រទេសចិននឹងពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត និងការសម្របសម្រួលជាមួយសហភាពអឺរ៉ុប។ លោក ស៉ី បានគូសបញ្ជាក់ថា «ចិននៅតែបើកចំហចំពោះក្រុមហ៊ុនអឺរ៉ុប ហើយសង្ឃឹមថា EU អាចលុបបំបាត់ការជ្រៀតជ្រែកក្នុងការផ្តល់បរិយាកាសធុរកិច្ច ដោយយុត្តិធម៌ និងតម្លាភាពសម្រាប់ក្រុមហ៊ុនចិន»

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាអឺរ៉ុបនៅទីក្រុងប៉េកាំង នាពេលនេះធ្វើឡើងក្រោយពេលមេដឹកនាំអឺរ៉ុប បានសម្តែងការព្រួយបារម្ភអំពីការពឹងផ្អែកផ្នែកសេដ្ឋកិច្ចលើប្រទេសចិន ក្នុងកិច្ចប្រជុំកាលពីខែតុលា។ លោក មីឆែល ដែលកំពុងបំពេញទស្សនកិច្ចរយៈពេល ១ថ្ងៃនៅប្រទេសចិន បានជួបជាមួយនាយករដ្ឋមន្ត្រី លោក លី ខឺឈាំង និងលោក លី ចាន់ស៊ូ ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន៕