(កៀវ)៖ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក មីខាយឡូ ប៉ូដុលយ៉ាក់ (Mykhailo Podolyak) បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា រហូតមកទល់ពេលនេះ កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបាត់បង់ទាហានរបស់ខ្លួន ចន្លោះពីចំនួន ១០,០០០ ទៅ ១៣,០០០នាក់ នៅក្នុងសង្គ្រាមប្រឆាំងរុស្ស៊ី។ នេះបើយោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងប្រាប់បណ្តាញទូរទស្សន៍អ៊ុយក្រែន Kanal 24 លោក ប៉ូដុលយ៉ាក់ បានគូសបញ្ជាក់ថា «យើងមានតួលេខផ្លូវការពីបុគ្គលិកទូទៅ និងតួលេខផ្លូវការពីមេបញ្ជាការកំពូល ដែលបញ្ជាក់ថាទាហានក្នុងសមរភូមិ ចំនួនពី ១០,០០០ ទៅ ១៣,០០០០នាក់ ត្រូវបានសម្លាប់។ យើងបើកចំហរក្នុងការនិយាយអំពីចំនួនទាហានដែលស្លាប់ ខណៈទាហានដែលរងរបួសគឺមានចំនួនច្រើនទាហានដែលស្លាប់ទៅទៀត»

គួរបញ្ជាក់ថា កាលពីខែមុន ឧត្តមសេនីយកំពូលរបស់អាមេរិកបានប៉ាន់ប្រមាណថា ទាហានរុស្ស៉ីជាង ១០០,០០០នាក់ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងប្រទេសអ៊ុយក្រែន ហើយបានបន្ថែមថាកងកម្លាំងប្រដាប់អាវុធរបស់ទីក្រុងកៀវ ក៏ប្រហែលជាមានទាហានស្លាប់ និងរបួសក្នុងចំនួនស្រដៀងគ្នានឹងរុស្ស៉ីដែរ៕