(វ៉ាស៊ីនតោន)៖ នៅក្នុងរបាយការណ៍មួយដែលបានផ្ញើទៅកាន់សភាអាមេរិក កាលពីពេលថ្មីៗនេះ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានបញ្ជាក់ជាថ្មីថាតំបន់ ឥណ្ឌូប៉ាស៊ីហ្វិក នៅតែជាក្ដីព្រួយបារម្ភចម្បងរបស់សហរដ្ឋអាមេរិក បើទោះជាទីក្រុងវ៉ាស៊ីនតោន កំពុងជាប់ដៃជួយអ៊ុយក្រែនប្រយុទ្ធតតាំងនឹងសង្រ្គាមឈ្លានពានដោយ រុស្ស៉ីក៏ដោយ។

របាយការណ៍ខាងលើដដែល ដែលមានឈ្មោះថា «យុទ្ធសាស្ត្រសន្តិសុខជាតិឆ្នាំ២០២២» ឬ NSS 2022 ក៏បានលើកឡើងពី «អន្តរទំនាក់ទំនង» រវាងសន្តិសុខអឺរ៉ុប និង សន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាមួយការសង្កត់ធ្ងន់ថាផលប្រយោជន៍អាមេរិកមានលក្ខណៈល្អប្រសើរបំផុត នៅពេលសម្ព័ន្ធមិត្តអឺរ៉ុប និងប្រទេសជាដៃគូដើរតួនាទី យ៉ាងសកម្មនៅឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានទាំងចូលរួមចំណែកការពារសេរីភាពធ្វើនាវាចរណ៍ សន្តិភាព ក៏ដូចជាស្ថិរភាពក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់។ ដើម្បីសម្រេច គោលដៅនេះ សហរដ្ឋអាមេរិកចង់ឱ្យសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិក ធ្វើកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តអឺរ៉ុប...ប្រឆាំងនឹងរុស្ស៉ី ព្រមទំាងជាមួយសហភាពអឺរ៉ុប ដើម្បី ប្រកួតប្រជែងជាមួយចិន។

តាមរយៈយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ខ្លួន សហរដ្ឋអាមេរិកមានគោលដៅបញ្ចុះបញ្ចូល និងដឹកនាំមហាអំណាចអឺរ៉ុបដូចជា បារាំង ចក្រភពអង់គ្លេស ហូឡង់ អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បង្កើនវត្តមាននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ជាការពិតណាស់ សហរដ្ឋអាមេរិកមិនអាចធានាបានឡើយនូវការប្ដេជ្ញាចិត្តជាអចិន្ត្រៃយ៍របស់អឺរ៉ុបចំពោះ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ហើយហេតុផលដ៏ចម្បងមួយ នោះគឺទំនាក់ទំនងពាណិជ្ជកម្មតែម្ដង ដោយអឺរ៉ុបនៅតែមើលឃើញចិនជាទីផ្សារនាំចេញដ៏ធំ ឬអាចនិយាយបានថា «ទោះជិះលើទូកតែមួយ តែមានផលប្រយោជន៍ និងយុទ្ធសាស្ត្រផ្ទាល់ខ្លួនផ្សេងៗគ្នា» ដែលនេះនាំឱ្យមានការចោទសួរថាតើអឺរ៉ុបមានការប្ដេជ្ញាចិត្តដល់កម្រិតណា ក្នុងការចូលរួមខ្ទប់ការកើនឡើងឥទ្ធិពលចិន។ សំណួរបែបនេះទៀតសោត ត្រូវបានគេលើកយកមកជជែកដេញដោល នៅក្រោយអធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បំពេញទស្សនកិច្ចទៅមកកាន់ទីក្រុងប៉េកាំង ប្រទេសចិន កាលពីដើមខែវិចិ្ឆកាកន្លងទៅ។

តែទោះជាបែបនេះក្ដី រឿងមួយដែលគេអាចយល់បាន នោះគឺក្នុងនាមជាសម្ព័ន្ធមិត្ត និងដោយសារតែសហរដ្ឋអាមេរិក កំពុងជួយអឺរ៉ុបប្រយុទ្ធតតាំងនឹងរុស្ស៉ី នៅអ៊ុយក្រែន អឺរ៉ុប ចង់ ឬមិនចង់ត្រូវតែគាំទ្រអាមេរិក នៅឥណ្ឌូប៉ាស៊ីហ្វិក។ ជាក់ស្ដែង អឺរ៉ុប បាន និងកំពុងធ្វើដំណើរទៅមុខសន្សឹមៗក្នុងការដើរតួនាទីថ្មីមួយ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក​ ទោះជាកំពុងក្រពុលមុខនឹងសង្រ្គាមនៅអ៊ុយក្រែនក៏ដោយ ហើយកិច្ចប្រជុំកំពូល NATO នៅឯទីក្រងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញកាលពីខែមិថុនា ឆ្នាំ២០២២នេះ ដែលមាន ការចូលរួមពីមេដឹកនាំអូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង បានបង្ហាញថានេះជាកិច្ចប្រឹងប្រែងរបស់អាមេរិក និង NATO ដើម្បីប្រមូលផ្ដុំកម្លាំងពីសម្ព័ន្ធមិត្តអឺរ៉ុប និងអាស៊ី។

មួយវិញទៀត អឺរ៉ុបមិនមែនសម្លឹងឃើញត្រឹមតែផលប្រយោជន៍ក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ តែពួកគេមើលឃើញថាខណៈផលប្រយោជន៍ចម្បងរបស់ចិន គឺនៅក្នុងតំបន់អាស៊ី តែទីក្រុងប៉េកាំងក៏មានផលប្រយោជន៍ និងគំាទ្រផងដែរដល់កម្មវត្ថុយុទ្ធសាស្ត្ររបស់រុស្ស៉ីនៅអឺរ៉ុប។ គួរបញ្ជាក់ថា សម្ព័ន្ធមិត្តអាមេរិកនៅអាស៊ី ដូចជាកូរ៉េខាងត្បូង ជប៉ុន ឥណ្ឌា និងអូស្ត្រាលីជាដើម ត្រូវបានគេមើលឃើញថាបានចូលរួមយ៉ាងសកម្មជាមួយសហរដ្ឋអាមេរិក ក្នុងការថ្កោលទោស ក៏ដូចជាដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹង ទីក្រុងមូស្គូ សម្រាប់ការឈ្លានពានអ៊ុយក្រែន ទាស់នៅត្រង់ថាវិធានការទាំងនោះធ្វើឡើងនៅក្រោមរូបភាពផ្សេងៗគ្នាប៉ុណ្ណោះ។

កូរ៉េខាងត្បូង ថ្វីបើជាធម្មតាផ្តោតសំខាន់លើបញ្ហាប្រឈមផ្នែកសន្តិសុខនៅលើតំបន់ឧទ្វីបកូរ៉េ ប៉ុន្តែរដ្ឋាភិបាលរបស់លោក យូន ស៊ុកយុល មិនត្រឹមតែសម្រេចចិត្តចូលរួម កិច្ចប្រជុំកំពូល NATO ប៉ុណ្ណោះទេ ដោយលោកក៏បានដើរតួនាទីគួរឱ្យចាប់អារម្មណ៍នៅក្នុងសង្រ្គាអ៊ុយក្រែនដែរ តាមរយៈការផ្គត់ផ្គង់អាវុធទំនើបឱ្យប្រទេសនៅអឺរ៉ុបមួយចំនួន ដូចជាប៉ូឡូញ ដែលស្ថិតនៅជួរមុខក្នុងការជួយអ៊ុយក្រែន។ ដោយឡែក ឥណ្ឌា និងជប៉ុន ក៏មិនខុសគ្នាប៉ុន្មានដែរ។ ជប៉ុន ពោលគឺចាប់តាំងពីសម័យលោក អាបេ ស៊ីនហ្សូមក បានប្រឹងស្វះស្វែងយ៉ាងខ្លាំងដើម្បីបញ្ចុះបញ្ចូលឱ្យប្រទេសអឺរ៉ុប ដូចជាចក្រភពអង់គ្លេស និងបារាំងបង្កើនសកម្មភាព និងវត្តមាន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

រីឯឥណ្ឌាវិញ! ឥណ្ឌាបាន និងកំពុងធ្វើកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក នៅក្រោមក្រុមប្រទេសក្វាដ (Quad,​ ដែលសហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលីជាសមាជិក) ហើយពេលបច្ចុប្បន្ន ទីក្រុងញូវដេលី ក៏កំពុងទាញអឺរ៉ុបជាពិសេសគឺបារាំង ឱ្យចូលរួមក្នុងការប្រជែងឥទ្ធិពលនៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ៕