(ឡុងដ៍)៖ ដំណើរទស្សនកិច្ចរបស់គណៈកម្មាធិការសភាអង់គ្លេសទៅកាន់កោះតៃវ៉ាន់ គឺជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ» នៃគោលការណ៍ចិនតែមួយ និងជា «ការជ្រៀតជ្រែកទាំងស្រុង» នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន នេះបើតាមអ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅចក្រភពអង់គ្លេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

គណៈកម្មាធិការនៃសមាជិកសភាអង់គ្លេសបាននិយាយថា ខ្លួននឹងជួបជាមួយប្រធានាធិបតី លោក Tsai Ing-Wen និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតក្នុងអំឡុងពេលទស្សនកិច្ចរបស់ខ្លួន។

អ្នកនាំពាក្យបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ Twitter ថា «ភាគីចិនជំរុញឱ្យភាគីអង់គ្លេសគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន បញ្ឈប់សកម្មភាពណាមួយដែលបំពាន លើគោលការណ៍ចិនតែមួយ និងបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនជាបន្ទាន់»។

របាយការណ៍បានសង្កត់ធ្ងន់ថា «​ចំណាត់ការ​របស់​ភាគី​អង់គ្លេស​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ចិន ​នឹង​ត្រូវ​ឆ្លើយតប​យ៉ាង​ខ្លាំង​ពី​ភាគី​ចិន​»​។