(តូក្យូ)៖ ប្រធានខុទ្ទកាល័យនៃគណៈរដ្ឋមន្រ្តីជប៉ុន លោក ហ៉ីរ៉ូកាហ្សូ ម៉ាតស៊ូណូ (Hirokazu Matsuno) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសជប៉ុនបានប្រាប់ទៅកាន់ប្រទេសចិន និងរុស្ស៊ីថា ខ្លួនមាន «ក្តីបារម្ភយ៉ាងខ្លាំង» ជុំវិញសកម្មភាពរួមគ្នាជាញឹកញាប់ នៃកងទ័ពអាកាសរបស់ពួកគេ នៅជុំវិញទឹកដីរបស់ប្រទេសជប៉ុន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

ប្រធានខុទ្ទកាល័យនិងជាអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនរូបនេះ បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃ យ៉ាងដូច្នេះថា «យើងនឹងតាមដានយ៉ាងដិតដល់ នូវការបង្កើនកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរដោយអារម្មណ៍នៃក្តីបារម្ភ ហើយជប៉ុននឹងការពារយ៉ាងដាច់ខាតនូវបូរណភាពទឹកដីរបស់ខ្លួន»។

គួរបញ្ជាក់ថា ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា យោធារបស់ខ្លួន និងសមភាគីចិន បានធ្វើការល្បាតយន្តហោះយោធាយុទ្ធសាស្ត្ររួមគ្នា នៅលើសមុទ្រជប៉ុន និងសមុទ្រចិនខាងកើត៕