(ណៃពិដោ)៖ មេដឹកនាំនៃរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា ហៅកាត់ NUG បានអះអាងថា ក្រុមអ្នកប្រយុទ្ធដើម្បីប្រជាធិបតេយ្យ យ៉ាងហោច២,០០០នាក់ហើយ បានបាត់បង់ជីវិតក្នុងការប្រយុទ្ធតស៊ូ ជាមួយកងកម្លាំងរបស់រដ្ឋាភិបាលយោធា ដែលបានធ្វើរដ្ឋប្រហារដណ្តើមអំណាច កាលពីឆ្នាំមុន ហើយលោកក៏បានទទូចសុំការផ្តល់សព្វាវុធពី ក្រុមប្រទេសលោកខាងលិច ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

លោក ឌូវ៉ា ឡាស៉ី ឡា (Duwa Lashi La) ដែលដើរតួនាទីជាប្រធានាធិបតីស្តីទី នៃរដ្ឋាភិបាល NUG ដែលប្រមូលផ្តុំទៅដោយ ក្រុមអ្នកនៅសេសសល់ពីអតីតរដ្ឋាភិបាលស៉ីវិល របស់លោកស្រី អោងសាន ស៊ូជី រួមជាមួយបុគ្គលដទៃទៀតនោះ បានលើកឡើង​ដូចខាងលើ ចេញពីទីតាំងមិនត្រូវបានបញ្ជាក់ក្នុងប្រទេសមីយ៉ាន់ម៉ា កំលុងបទសម្ភាសន៍មួយ ដែលចាក់ផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ។

លោក ឌូវ៉ា ឡាស៉ី ឡា បានលើកឡើងដូច្នេះថា «ពួកយើងចាត់ទុកការស្លាប់ទាំងនេះ គឺជាតម្លៃដែលយើងចាំបាច់ត្រូវតែចំណាយ។ បើយើងមានអាវុធប្រឆាំងយន្តហោះចម្បាំងជាដើម អាចនិយាយបានយើងប្រហែលនឹងឈ្នះ ក្នុងរយៈពេលត្រឹម៦ខែប៉ុណ្ណោះ។ ប្រសិនបើយើងទទួលបាន ការគាំទ្រដូចដែលអ៊ុយក្រែនទទួលបាន ពីសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប នោះការរងទុក្ខវេទនា​របស់ប្រជាជន នឹងអាចបញ្ចប់ទៅវិញឆាប់ៗមិនខានឡើយ»

ខាងក្រុមអ្នកប្រយុទ្ធដើម្បីប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ា ត្រូវគេមើលឃើញថា ចាញ់ប្រៀបកងកម្លាំងរបស់របបយោធាមីយ៉ាន់ម៉ា ដែលបំពាក់ដោយអាវុធល្អៗជាង និងមានសមត្ថភាពប្រើប្រាស់យន្តហោះចម្បាំង ដើម្បីវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃ។ ទន្ទឹមគ្នានេះ បើតាមអង្គការសិទ្ធិមនុស្សក្នុងប្រទេសមីយ៉ាន់ម៉ាផ្ទាល់ ជនស៉ីវិលប្រហែល២,៥០០នាក់ ក៏ត្រូវបានសម្លាប់ផងដែរ ចាប់តាំងពីផ្ទុះរដ្ឋប្រហារយោធាខែកុម្ភៈ ឆ្នាំ២០២១ ដោយភាគច្រើនគឺស្លាប់កំលុងការបង្រ្កាបបាតុកម្ម។

គួរបញ្ជាក់ថា ខណៈក្រុមប្រទេសលោកខាងលិច បានបង្ហាញសំឡេងគាំទ្រចំពោះរដ្ឋាភិបាលស្រមោល NUG ហើយបានដាក់​ទណ្ឌកម្មលើ ថ្នាក់ដឹកនាំយោធា ព្រមទាំងក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពួកគេបានមិនបានផ្តល់ជំនួយជាសព្វាវុធ ឬក៏​បរិក្ខារយោធា ដល់ក្រុមប្រឆាំងឡើយ ដោយលើកហេតុផលថា អាស៊ានទើបជាកន្លែងប្រសើរបំផុត សម្រាប់ដោះស្រាយ​វិបត្តិនេះ ដ្បិតមីយ៉ាន់ម៉ាគឺជាសមាជិកអាស៊ាន។ រដ្ឋាភិបាល NUG ត្រូវបានរបបយោធាប្រកាសចាត់ទុកជា អង្គការភេរវករ ហើយហាមឃាត់​ប្រជាជនធ្វើការទាក់ទងជាមួយពួកគេ ប៉ុន្តែរដ្ឋាភិបាលស្រមោលនេះ នៅតែទទួលបានការគាំទ្រយ៉ាងទូលំទូលាយ៕