(តែលអាវីវ)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ អ៉ីស្រាអែលបានឱ្យដឹងថា ខ្លួនទើបតែបញ្ចប់ការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរួមគ្នា ជាមួយកងទ័ពអាកាសសហរដ្ឋអាមេរិក ដែលផ្តោតចំពោះការហាត់សមវាយប្រហារទៅលើ កម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៉ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

ការិយាល័យនាយករដ្ឋមន្រ្តីចាំផ្ទះរបស់អ៉ីស្រាអែល គឺលោក យ៉ាអៀរ ឡាពីដ (Yair Lapid) បានប្រកាសក្នុងសេចក្តីថ្លែងការណ៍ថា សមយុទ្ធយោធាខាងលើ បានផ្តោតទៅលើសេណារីយ៉ូចម្រុះ នៅចំពោះមុខការលេចឡើងនៃការគំរាមកំហែងនៅក្នុងតំបន់ ហើយអ្វីដែលចម្បងជាងគេបង្អស់នោះ គឺការគំរាមកំហែងរបស់អ៉ីរ៉ង់។ សមយុទ្ធយោធានេះ បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ជាមួយការហោះហើររួមគ្នារវាង យន្តហោះចម្បាំង F-35i Adir ចំនួន៤គ្រឿង របស់អ៉ីស្រាអែល ហើយនិងយន្តហោះចម្បាំងអាមេរិក F-15 ចំនួន៤គ្រឿងទៀត នៅលើផ្ទៃអាកាសនៃប្រទេសអ៉ីស្រាអែល។

គួរបញ្ជាក់ថា ខាងអ៉ីរ៉ង់មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយអ្វី ជុំវិញសមយុទ្ធផ្លូវអាកាសរួមគ្នា រវាងអ៉ីស្រាអែលនិងអាមេរិក នៅឡើយទេ ខណៈលំហាត់យោធានេះកើតឡើង ចំពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងវ៉ាស៉ីនតោន និងទីក្រុងតេហេរ៉ង់៕