(វ៉ាស៊ីនតោន)៖ គណបក្សប្រជាធិបតេយ្យ នៅថ្ងៃពុធសប្ដាហ៍នេះបានតែងតាំងលោក ហាគីម ជែហ្វហ្រ្វី (Hakeem Jeffries) ជាមេដឹកនាំថ្មីរបស់ខ្លួន នៅក្នុង សភាតំណាងរាស្ត្រអាមេរិក ធ្វើឱ្យលោកក្លាយជាពលរដ្ឋអាមេរិកស្បែកខ្មៅដំបូងបំផុត ដែលបានកាន់តំណែងកំពូលនេះនៅក្នុងសភា។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ឆ្នាំ២០២២។

លោក ហាគីម ជែហ្វហ្រ្វី (Hakeem Jeffries) ត្រូវបានបោះឆ្នោតជ្រើសរើសតាំងមេដឹកនាំគណបក្សប្រជាធិបតេយ្យ ក្នុងសភាតំណាងរាស្ត្រជាមួយសំឡេងគាំទ្រ ជាឯកច្ឆន្ទ ហើយលោកនឹងត្រូវកាន់តំណែងនេះជាផ្លូវការនៅខែមករា ឆ្នាំ២០២៣ខាងមុខ។ ការតែងតាំងនេះដែរត្រូវបានគេមើលឃើញថាជាការផ្ដល់ឱកាសឱ្យ មនុស្សជំនាន់ក្រោយកាន់តំណែងជាមេដឹកនាំនៅក្នុងសភាតំណាងរាស្ត្រដែលមានសមាជិក ៤៣៥រូប និងជាការបិទបញ្ចប់យុគសម័យរបស់លោកស្រី ណាន់ស៊ី ផេឡូស៊ី ព្រមទាំងបិទបញ្ចប់ការគ្រប់គ្រងសភាដោយអ្នកនយោបាយមានអាយុ៨០ឆ្នាំ។

គួរបញ្ជាក់ថា លោក ហាគីម ជែហ្វហ្រ្វី មានអាយុ៥២ឆ្នាំ មកទីក្រុងញូយ៉ក នឹងត្រូវកាន់តំណែងជាមេដឹកនាំគណបក្សប្រជាធិបតេយ្យនៅក្នុងសភាតំណាងរាស្ត្រ អាមេរិក នៅពេលសភាទាំង២របស់សហរដ្ឋអាមេរិកបើកសម័យប្រជុំរបស់ខ្លួន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣៕