(បែរឡាំង)៖ ពិភពលោកសព្វថ្ងៃ កំពុងពើបប្រទះនឹងវិបត្តិតូចធំជាច្រើនរាប់មិនអស់ ហើយវិបត្តិធំមានរាប់ចាប់ពីកូវីដ១៩ ការកើនឡើងតម្លៃថាមពល អតិផរណាទាំងនៅក្នុង ប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍ រហូតដល់ភាពផុយស្រួយនៃខ្សែចង្វាក់ផ្គត់ផ្គង់ សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ។ វិបតិ្តភាគច្រើន នៅក្នុងចំណោមវិបត្តិដែលបានរៀបរាប់នេះ មិនត្រឹមតែបង្ហាញសញ្ញាពីស្ថានភាពអាក្រក់ប៉ុណ្ណោះទេ តែវាក៏បង្ហាញផងដែរពី «ការចាប់កំណើតនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មីមួយ»។

ខណៈសំណល់សេសសល់ពីសណ្ដាប់ធ្នាប់ពិភពលោកប៉ូលពីរ គឺរវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតបានរលាយរលត់បាត់ទៅ សណ្ដាប់ធ្នាប់ពហុប៉ូលថ្មីមួយបាន ចាប់ផ្ដើមលេចចេញជារូបរាងជាបណ្ដើរៗ។ សហរដ្ឋអាមេរិក និងចិន ដែលជាគូប្រជែងនៅលើសង្វៀនកំពូលមហាអំណាចទាំងយោធា សេដ្ឋកិច្ច និងបច្ចេកវិទ្យា ក្នុងស.វទី២១ នេះនឹងក្លាយជាតួអង្គ ២ លេចធ្លោរជាងគេ។ ប៉ុន្តែ អឺរ៉ុប ជប៉ុន និងឥណ្ឌា ក៏នឹងពង្រីកឥទ្ធិពលរបស់ពួកគេនៅលើទឹកដីនៃពិភពលោកដ៏ធំល្វឹងល្វើយនេះដែរ។

នៅត្រង់នេះ នៅមានសំណួរដ៏សំខាន់មួយ នោះគឺចុះចំណែកឯរុស្ស៉ី? ស្ថានភាពអនាគត សមត្ថភាព និងស្ថានភាពយុទ្ធសាស្ត្ររបស់រុស្ស៉ីនឹងអាស្រ័យលើលទ្ធផលនៃសង្រ្គាម របស់លោក ពូទីន នៅអ៊ុយក្រែន។ នៅក្រោមការដឹកនាំរបស់លោក ពូទីន រុស្ស៉ីតែងតែនឹកស្ដាយស្រណោះពីភាពខ្លាំងកាលពីអតីតកាល ហើយលោក ពូទីនផ្ទាល់ធ្លាប់បាន លើកឡើងជារឿយៗពីការស្វែងរកភាពខ្លាំងនេះត្រឡប់មកវិញ។ តែសង្រ្គាមរបស់លោកនៅអ៊ុយក្រែន បាន និងកំពុងធ្វើឱ្យរុស្ស៉ីរងរបួសទៅវិញ ក្រោយទទួលបរាជ័យ ជាបន្តបន្ទាប់់។ តែយ៉ាងណាក៏ដោយ វាហាក់ដូចជាលឿនពេកដែលត្រូវនាំគ្នាព្យាករពីលទ្ធផលនៃសង្រ្គាម ឬក៏ថាតើរបបដឹកនាំលោក ពូទីន អាចនឹងនៅតែមានដង្ហើមដក ដែរឬទេ ប្រសិនបើកងទ័ពរុស្ស៉ី មិនអាចស្ដារស្ថានការណ៍បានឡើងវិញទេនោះ? ដូច្នេះ បើមិនទាន់មានចម្លើយសម្រាប់សំណួរទាំងនេះទេ នោះគេក៏មិនទាន់អាចដឹងថាតើរុស្ស៉ី នឹងព្យាយាមរក្សាការទាមទារពីអតីតកាលនៃ «អនុត្តរភាព» របស់ខ្លួននៅក្នុងតំបន់អឺរ៉ុបខាងកើត និងមួយផ្នែកធំនៃតំបន់អឺរ៉ាស៊ី ឬក៏យ៉ាងណានោះដែរ?

ប្រសិនបើរុស្ស៉ី ត្រូវបង្ខំចិត្តបោះបង់ចោលការទាមទារទាំងនេះ នោះតួនាទីក្នុងនាមជាមហាអំណាចពិភពលោកមួយ ក៏អាចនឹងរលាយបាត់ដែរ។ ក្នុងពេលបច្ចុប្បន្ន អ្វីដែលគេ កំពុងឃើញ នោះគឺឃ្លាំងអាវុធនុយក្លេអ៊ែរដ៏ធំសម្បើម មិនអាចជួយឱ្យរុស្ស៉ីធានាស្ថានភាពភូមិសាស្ត្រនយោបាយរបស់ខ្លួន ក្នុងស.វទី២១នេះបានឡើយ ស្របពេលសេដ្ឋកិច្ច កំពុងធ្លាក់ចុះកាន់តែទន់ខ្សោយ ខណៈបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោកចាប់ផ្ដើមអនុវត្តផែនការបញ្ឈប់ការប្រើជាដំណាក់កាលៗ នូវឥន្ធនៈផូស៊ីលដែលជា «ខួរឆ្អឹងខ្នង» នៃសេដ្ឋកិច្ចរុស្ស៉ី។

ដោយឡែក និយាយពីចិនវិញ ចិន បាន និងកំពុងលេចត្រដែតឡើងជាកំពូលមហាអំណាចមួយ ដោយសូម្បីតែរដ្ឋាភិបាលលោកប្រធានាធិបតី ចូ បៃដិន ក៏បានចាត់ទុកដែរថា ចិន គឺជាគូប្រជែងធំបំផុតរបស់សហរដ្ឋអាមេរិក ក្នុងស.វទី២១នេះ បើទោះជាចាត់ទុករុស្ស៉ីជា «ការគំរាមកំហែងបន្ទាន់» ក៏ដោយ។ ចិនបានពង្រីកឥទ្ធិពលនៅលើ ឆាកអន្តរជាតិតាមរយៈការធ្វើសកភាវូបនីយកម្ម នៅដើមទសវត្សរ៍ឆ្នាំ២០០០ និងការចាប់យកឱកាសដើរតួនាទីជាកំពូលមហាអំណាចប្រជែងជាមួយសហរដ្ឋអាមេរិក ក្នុងគ្រា ដែលពិភពលោករងគ្រោះដោយសារវិបត្តិហិរញ្ញវត្ថុកាលពីឆ្នាំ២០០៨។ ខុសពីអតីតសហភាពសូវៀត ដែលផ្តោតតែទៅលើអំណាចយោធា និងផ្ដាច់ខ្លួនចេញពីលោកខាងលិច ចិន មិនបានពឹងផ្អែកលើអំណាចយោធាតែមួយមុខនោះទេ។ ផ្ទុយទៅវិញ ចិនបានពង្រីកឥទ្ធិពលរបស់ខ្លួន ដោយការធ្វើសមាហរណកម្មចូលទៅក្នុងទីផ្សារពិភពលោក ដឹកនាំ ដោយសហរដ្ឋអាមេរិក និងលោកខាងលិច រហូតដល់អាចភ្ជាប់ខ្លួនទៅជាផ្នែកមួយមិនអាចខ្វះបាននៃសេដ្ឋកិច្ចពិភពលោក ហើយកំពុងវិនិយោគយ៉ាងខ្លាំងលើការប្រកួតប្រជែង ជាមួយលោកខាងលិច លើបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

នេះមិនមែនមានន័យថាចិនស្ទាក់ស្ទើរ ឬដកថយពីការវិនិយោគលើវិស័យយោធានោះទេ ពោលគ្រាន់តែចិន មិនបណ្ដោយឱ្យការចំណាយលើយោធា ឬសន្តិសុខបង្កការរាំងស្ទះ ដល់ការរីកចម្រើននៃវិស័យផ្សេងទៀតតែប៉ុណ្ណោះ។ គេអាចមើលឃើញពីភាពខុសគ្នាចិន និងរុស្ស៉ីសព្វថ្ងៃ នោះគឺផ្ទុយពីលោក ពូទីន លោក ស៊ី ជិនពីង បានរស់នៅក្នុង ស.វទី២១ អស់មួយរយៈពេលយូរមកហើយ ហើយកិច្ចប្រជុំកំពូល G20 នៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ីក៏បានបង្ហាញពីភាពខុសប្លែកគ្នានេះដែរ ដោយក្នុងគ្រាដែល រុស្ស៉ីកំពុងឯកោខាងការទូត ចិនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងគ្រប់កិច្ចសន្ទនា និងការចេញសេចក្ដីថ្លែងការណ៍រួម។

ពិតមែនទៅ ថ្វីបើមិនបានបង្ហាញជំហរគាំទ្រ ឬស្របទៅតាមខ្សែបន្ទាត់លោកខាងលិចស្ដីពីសង្រ្គាមអ៊ុយក្រែនក៏ពិតមែន តែប្រទេសមួយភាគធំ ក្នុងនោះរួមមានទាំង ចិន និងឥណ្ឌា យ៉ាងហោចណាស់ បានដកខ្លួននៅឆ្ងាយបន្តិចពីវិមានក្រឹមឡាំង ដោយយល់ព្រមរិះគន់ និងបង្ហាញក្ដីបារម្ភចំពោះការសម្លុតគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរ ពីសំណាក់លោក ពូទីន បើទោះជាប្រទេសទាំង២ នៅតែត្រូវការរក្សាទំនាក់ទំនងជាមួយរុស្ស៉ីក៏ដោយ៕