(ប្រ៊ុចសែល)៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អៀស៊ូឡា ហ្វុន ឌែរ ឡេយិន (Ursula von der Leyen) នៅថ្ងៃពុធនេះបានស្នើបង្កើតតុលាការឯកទេសមួយ ដើម្បីកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមរុស្ស៊ី ដែលបានប្រព្រឹត្តនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី ហ្វុន ឌែរ ឡេយិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបាននាំមកនូវការស្លាប់ ការបំផ្លិចបំផ្លាញ និងការឈឺចាប់និយាយលែងចេញ។ រុស្ស៊ីត្រូវតែបង់ថ្លៃសម្រាប់ឧក្រិដ្ឋកម្មដ៏អាក្រក់របស់ខ្លួន រួមទាំងឧក្រិដ្ឋកម្មនៃការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងរដ្ឋអធិបតេយ្យមួយផងដែរ»

លោកស្រីបានបន្ថែមថា «នេះជាមូលហេតុ ដែលយើងបន្តគាំទ្រដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ យើងកំពុងស្នើឱ្យបង្កើតតុលាការឯកទេសមួយ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីស៊ើបអង្កេត និងកាត់ទោសឧក្រិដ្ឋកម្មឈ្លានពានរបស់រុស្ស៊ី»

ប្រធានគណៈកម្មការអឺរ៉ុបរូបនេះ បានប្តេជ្ញាថាសហភាពអឺរ៉ុបនឹងធ្វើការជាមួយសហគមន៍អន្តរជាតិ ហើយនឹងព្យាយាមដើម្បីទទួលបានការគាំទ្រ ពីអន្តរជាតិដ៏ទូលំទូលាយបំផុតដែលអាចធ្វើទៅបានសម្រាប់តុលាការនេះ។

លោកស្រីបានបន្តថា រុស្ស៊ីត្រូវតែសងសំណងសម្រាប់ការខូចខាតប្រមាណ ៦០០ពាន់លានអឺរ៉ូ ដែលខ្លួនបានបង្កឡើងនៅអ៊ុយក្រែន៕