(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៉ីបានប្រកាសថា ក្រុមយន្តហោះទម្លាក់គ្រាប់បែកជាយុទ្ធសាស្រ្តរបស់ប្រទេសខ្លួន ហើយនិងចិន បានរួមគ្នាធ្វើការហោះល្បាតនៅលើដែនអាកាស នៃតំបន់សមុទ្រជប៉ុននិងសមុទ្រចិនខាងកើត នាថ្ងៃពុធនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៉ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា «ក្រុមយន្តហោះទម្លាក់គ្រាប់បែក Tu-95MC របស់កងទ័ពអាកាសរុស្ស៉ី ហើយនិងក្រុមយន្តហោះទម្លាក់គ្រាប់បែក Xian H-6K របស់កងទ័ពអាកាសចិន បានហោះល្បាតផ្ទៃអាកាសរួមគ្នានៅលើដែនទឹក នៃសមុទ្រជប៉ុននិងសមុទ្រចិនខាងកើត។ ក្រុមយន្តហោះយោធារុស្ស៉ី-ចិន បានធ្វើប្រតិបត្តិការយ៉ាងប្រុងប្រយ័ត្ន ដោយស្របតាមបទប្បញ្ញត្តិនានានៃច្បាប់អន្តរជាតិ ហើយមិនបានបំពានដែនអាកាសរបស់​ប្រទេសដទៃណាមួយឡើយ»។

គួរបញ្ជាក់ថា យន្តហោះទម្លាក់គ្រាប់បែក Tu-95 និង Tu-160 គឺជាឆ្អឺងខ្នងនៃកងកម្លាំងវាយប្រហារនុយក្លេអ៊ែរ តាមផ្លូវអាកាសរយៈចម្ងាយឆ្ងាយរបស់រុស្ស៉ី ដោយពួកវាត្រូវបានរចនាឡើង ក្រោមគោលដៅនាំយកគ្រាប់បែកនុយក្លេអ៊ែរ ទៅទម្លាក់លើសហរដ្ឋអាមេរិក កាលពីសម័យសង្រ្គាមត្រជាក់។

ដោយឡែក កាលពីរសៀលថ្ងៃពុធនេះ ខាងយោធាកូរ៉េខាងត្បូងបានអះអាងថា ខ្លួនបានចល័តក្រុមយន្តហោះចម្បាំងឆ្លើយតប បន្ទាប់ពីយន្តហោះយោធាចិនចំនួន២គ្រឿង និងយន្តហោះយោធារុស្ស៉ីចំនួន៦គ្រឿង បានហោះចូលក្នុងតំបន់កំណត់អត្តសញ្ញាណ សម្រាប់ការពារដែនអាកាស ឬហៅកាត់ថា ADIZ របស់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែមិនបានរំលោភចូលដែនអាកាសអធិបតេយ្យ​របស់កូរ៉េខាងត្បូងនោះទេ៕