(ព្រុចសែល)៖ ជំនួយជាភួយ អាវរងារ ម៉ាស៊ីនភ្លើង និងឧបករណ៍ជាច្រើនដើម្បីជួយការពារពលរដ្ឋអ៊ុយក្រែន ដែលកំពុងរងភាពរងារត្រជាក់កំពុងបញ្ជូនមកកាន់ប្រទេសអ៊ុយក្រែន តបតាមសំណូមពររបស់លោកហ្សេឡិនស្គី។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានថ្កោលទោសចំពោះការវាយប្រហាររបស់រុស្ស៊ី និងបានប្តេជ្ញាថាអង្គកាណាតូនឹងបន្តជួយអ៊ុយក្រែនដល់ទីបំផុតក្នុងការប្រឆាំងនឹងរុស្ស៊ី។

ការវាយប្រហាររបស់រុស្ស៊ីបង្កទុក្ខវេទនាដល់ពលរដ្ឋអ៊ុយក្រែនខ្វះប្រភពទឹកនិងភ្លើង បានជំរុញឱ្យអង្គការណាតូកាន់តែប្តេជ្ញាចិត្តជួយអ៊ុយក្រែនដើម្បីប្រឆាំងនឹងរុស្ស៊ីដល់ទីបំផុត។ អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg បានថ្លែងពីវេទិកា Bucharest នៃប្រទេសរ៉ូម៉ានី កាលពីថ្ងៃទី២៩ ខែវិច្ឆិកាថា គេមិនត្រូវឱ្យលោកពូទីនឈ្នះសង្គ្រាមនោះឡើយ។
លោក Jens Stoltenberg បានថ្លែងថា «ប្រសិនបើគេអនុញ្ញាតឱ្យពូទីនឈ្នះសង្គ្រាមនោះ យើងទាំងអស់គ្នានឹងចំណាយតម្លៃខ្ពស់ជាងនេះជាច្រើនឆ្នាំទៅមុខថែមទៀត ដោយសារតែពេលនោះមេរៀនដែលលោកប្រធានាធិបតី ពូទីន និងមេដឹកនាំផ្តាច់ការផ្សេងទៀតបានរៀននោះ គឺថាពួកគេអាចសម្រេចបាននូវគោលដៅរបស់ពួកគេ ដោយការប្រើកម្លាំងសាហាវ។ ដូច្នេះពួកគេនឹងត្រូវហ៊ានប្រើកម្លាំងបន្ថែមទៀត នោះវានឹងធ្វើឱ្យពិភពលោកកាន់តែជួបប្រទះនឹងគ្រោះថ្នាក់។ ហើយបន្ទាប់មកគឺយើងទាំងអស់គ្នានឹងងាយប្រឈមនូវភាពរងគ្រោះទាំងនោះ។ ដូច្នេះវាស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខរយៈពេលវែងរបស់យើងផ្ទាល់ដើម្បីគាំទ្រអ៊ុយក្រែន»

រុស្ស៊ីបានបន្តការបាញ់ផ្លោងមីស៊ីលនិងប្រើដ្រូនអត្តឃាតវាយប្រហារលើបណ្តាទីក្រុងអ៊ុយក្រែន គ្មានលោះសប្តាហ៍ណាមួយឡើយ។ ការវាយប្រហារបានបាញ់តម្រង់លើគោលដៅហេដ្ឋារចនាសម្ព័ន្ធ ថាមពលភ្លើងនិងទឹកថែមទៀត ដែលជាការធ្វើឱ្យពលរដ្ឋអ៊ុយក្រែនបានប្រឈមនឹងការគ្មានអគ្គីសនី និងការដាច់ទឹក ចាប់តាំងភាពត្រជាក់ទើបបានចុះម្តងបន្តិចៗតាំងពីដើមខែតុលា នៅមុនរដូវរងារពិតប្រាកដដែលនឹងឈានចូលមកដល់នៅដើមខែធ្នូខាងមុខនេះ។

មេដឹកនាំអ៊ុយក្រែនលោកវ៉ូឡូឌីមៀរ ហ្សេឡិនស្គី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានថ្លែង ថាគ្រាន់តែក្នុងមួយសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានបាញ់ផ្លោងចំនួន២៥៨លើកលើទីតាំង៣០កន្លែង ក្នុងតំបន់ Kherson ដែលមានទាហានអ៊ុយក្រែនបានចូលគ្រប់គ្រង។ លោកថាទាហានរុស្ស៊ីបានបំផ្លាញស្ថានីយ៍បូមទឹក ដែលជាស្ថានីយ៍ផ្គត់ផ្គង់ទឹកក្នុងក្រុង Mykholaiv ថែមទៀត។ លោកហ្សេឡិនស្គី បានថ្លែងថាបញ្ហាដ៏សំខាន់នោះ គឺត្រូវធ្វើយ៉ាងណាដើម្បីឆ្លងឱ្យរួចពីរដូវរងារនេះសិន ដើម្បីរកជំនួយពីបរទេសជួយប្រជាពលរដ្ឋអ៊ុយក្រែនឱ្យទទួលបាននូវម៉ាស៊ីនភ្លើង និងឧបករណ៍សម្ភារៈផ្តល់ថាមពល។ សេចក្តីរាយការណ៍ថ្ងៃទី៣០ធ្នូនេះ បានឱ្យដឹងថាសម្ភារៈជាភួយ អាវរងារ ម៉ាស៊ីនភ្លើង និងឧបករណ៍ជាច្រើនដើម្បីជួយការពារពលរដ្ឋអ៊ុយក្រែន ដែលកំពុងរងនឹងភាពរងារត្រជាក់កំពុងបញ្ជូនមកកាន់ប្រទេសអ៊ុយក្រែន តបតាមសំណូមពររបស់លោកហ្សេឡិនស្គី។

អគ្គលេខាធិការអង្គការណាតូ នៅចំពោះមុខការវាយប្រហារមិនឈប់ឈររបស់រុស្ស៊ីនេះ បានចាត់ទុករុស្ស៊ីកំពុងប្រើប្រាស់ភាពត្រជាក់នៃរដូវរងារធ្វើជាអាវុធក្នុងការបង្ខំឱ្យអ៊ុយក្រែនចុះញ៉ម។ លោក Jens Stoltenberg បានសន្យាផ្ដល់អាវុធបន្ថែមដល់ប្រទេសអ៊ុយក្រែន ហើយនឹងសន្យាជួយជួសជុលហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗ ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារការវាយប្រហារដោយ មីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី។ លោក Jens Stoltenberg បានថ្លែងថា «យើងឃើញការបាញ់ស្រោចគ្រាប់មីស៊ីលម្តងហើយម្តងទៀត ដោយចេតនាដាក់ទៅលើបណ្តាទីក្រុងនិងលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល បាញ់ចំផ្ទះសម្បែង ចំមន្ទីរពេទ្យនិងមជ្ឈមណ្ឌលអគ្គីសនី ដែលជារឿងគួរឱ្យខ្លាចបំផុតសម្រាប់អ៊ុយក្រែន»។ លោកបន្តថា «ការវាយប្រហារទាំងនោះគឺជាភាពលំបាកសម្រាប់ពួកយើងដែលកំពុងរស់នៅទ្វីបអឺរ៉ុប និងតាមប្រទេសជាច្រើនលើសកលលោកដែលប្រឈមមុខនឹងវិបត្តិនៃជីវភាពរស់នៅ ដ៏សែនវេទនារបស់ប្រជាជនអ៊ុយក្រែន»។ លោកបញ្ជាក់ថា វាជាការពិតណាស់ដែល «យើងទាំងអស់គ្នាត្រូវតែធ្វើឱ្យរុស្ស៊ីត្រូវទទួលបង់ខាតមកវិញនូវអ្វីដែលគេបានប្រព្រឹត្ត ប៉ុន្តែអ្វីដែលយើងត្រូវធ្វើនោះគឺការត្រូវចំណាយលុយ ខណៈដែលអ៊ុយក្រែនកំពុងតែចំណាយនូវឈាមនិងជីវិតរបស់ខ្លួន»

អ៊ុយក្រែននិយាយថាការវាយប្រហាររបស់រុស្ស៊ី គឺមានបំណងបង្កការឈឺចាប់ដល់ប្រជាជនស៊ីវិល និងបានចាត់ទុកថាការវាយប្រហារនោះគឺជាឧក្រិដ្ឋកម្មសង្គ្រាម។ ប៉ុន្តែរុស្ស៊ីបានបដិសេធ និងដោះសារថាការវាយប្រហាររបស់ខ្លួនគឺសំដៅលើគោលដៅយោធាអ៊ុយក្រែន។ ប៉ុន្តែនៅជាមួយគ្នានឹងសម្តីបដិសេធមិនប៉ះពាល់លើគោលដៅជនស៊ីវិលនោះ រុស្ស៊ីបាននិយាយថា ការវាយប្រហារតាមផ្លូវអាកាសដាក់លើបណ្តាក្រុងអ៊ុយក្រែន គឺដើម្បីបង្ខំឱ្យអ៊ុយក្រែនចូលតុចរចា។ រុស្ស៊ីបាននិយាយទៀតថា ការឈឺចាប់របស់ប្រជាជនអ៊ុយក្រែន នឹងមិនបញ្ចប់ឡើយ ប្រសិនបើអ៊ុយក្រែនមិនធ្វើតាមការទាមទារចរចាតាមអ្វីដែលរុស្ស៊ីត្រូវការនោះ។

អគ្គលេខាធិការអង្គការណាតូដដែលបានថ្លែងបង្ហាញថាបើសិនជាមានការចរចាណាមួយដែលនឹងកើតឡើង គឺគេត្រូវតែធានាថានូវលក្ខខណ្ឌសន្តិភាពយូរអង្វែងសម្រាប់ប្រទេសអ៊ុយក្រែន។
លោក Jens Stoltenberg បានថ្លែងថា យើងដឹងថាសង្រ្គាមភាគច្រើនបញ្ចប់នៅតុចរចា។ ប៉ុន្តែអ្វីដែលកើតឡើងនៅតុចរចាគឺជាប់ពាក់ព័ន្ធនឹងអ្វីដែលកើតឡើងនៅសមរភូមិ។ ដូច្នេះដើម្បីបង្កើតលក្ខខណ្ឌសម្រាប់សន្តិភាពយូរអង្វែង ដែលធានាថាអ៊ុយក្រែនមានអំណាចជារដ្ឋអធិបតេយ្យភាពឯករាជ្យ គេត្រូវតែបន្តផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។
លោក Jens Stoltenberg បានថ្លែងបន្តថា សន្តិភាពមិនអាចស្ថិតស្ថេរបានឡើយបើអ្នកឈ្លានពានឈ្នះ។ វាមិនអាចមានសន្តិភាពយូរអង្វែងបានទេ ប្រសិនបើមានការជិះជាន់និងអត្តាធិបតេយ្យ Autocracy គ្រប់គ្រងលើសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ។ អ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកហើយ ក្នុងការចង់ទប់ស្កាត់ការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ី បានស្នើសុំប្រព័ន្ធការពារដែនអាកាសទំនើបពីណាតូ ។ ក្រោមសន្ធិសញ្ញា ក្រុងហ្សឺណែវ ការវាយប្រហារលើប្រជាជនស៊ីវិលឬហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលមាន សារៈសំខាន់ដល់ការរស់រានរបស់ជនស៊ីវិលអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាម ។

លោក Jens Stoltenberg បានថ្លែងថា ប្រទេសសម្ព័ន្ធមិត្ត NATO និង អង្គការ NATO មិនមែនជាភាគីនៃជម្លោះនៅអ៊ុយក្រែនទេ ប៉ុន្តែគេនឹងផ្តល់ការគាំទ្រដែលមិនធ្លាប់មានពីមុនមកដល់ប្រទេសអ៊ុយក្រែន ដោយសារអ៊ុយក្រែនជាប្រទេសដែលមានសិទ្ធិការពារខ្លួន ជាសិទ្ធិដែលចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ។
នៅជាមួយនឹងការឃើញការបង្កើនសកម្មភាពយោធារបស់រុស្ស៊ីកាន់តែខ្លាំងក្លាដាក់លើអ៊ុយ ក្រែននិងការចល័តទ័ពដាក់តាមប្រទេសក្បែរខាងដូចជាប្រទេសបេឡារុសផងនោះ អង្គការណាតូត្រូវគេឃើញថា ក៏បានបង្កើនកម្លាំងការពាររបស់ខ្លួនទ្វេដង។ លោក Jens Stoltenberg បានបញ្ជាក់ថាអង្គការណាតូបានបង្កើនកងកម្លាំងប្រយុទ្ធទ្វេដង ពី៤ក្រុមទៅ៨ក្រុម ដែលរួមមានមួយក្រុមកំពុងស្ថិតក្នុងប្រទេសរ៉ូម៉ានីនាពេលនេះដឹកនាំដោយបារាំង។

លោកបានបន្តថា កាលពីសប្តាហ៍មុន កម្លាំងសម្ព័ន្ធមិត្តណាតូបានធ្វើសមយុទ្ធមួយដើម្បីសាកល្បងប្រព័ន្ធការពារមីស៊ីលផ្លូវអាកាសនៅប្រទេសរ៉ូម៉ានី។ ពាក់ព័ន្ធនឹងកម្លាំងកងអាកាសអាមេរិក ទួគី អេស្ប៉ាញ និងបារាំងនោះវិញ មេដឹកនាំអង្គការណាតូរូបនេះ បានបង្ហើបឱ្យដឹងថា យន្តហោះចម្បាំងរបស់ណាតូបានធ្វើការហោះហើរពីកប៉ាល់ចម្បាំង Aircraft Carrier Charles de Gaulle ដែលជាការបង្ហាញនូវរបៀបធ្វើប្រតិបត្តិការរួមគ្នារបស់ក្រុមសម្ព័ន្ធមិត្តណាតូ ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីការពារដែនអាកាសប្រទេសក្នុងសម្ព័ន្ធណាតូផង និងការពារទឹកដីមិនឱ្យមានការរំលោភសូម្បីមួយមីលីម៉ែត្រឡើយ៕