(វ៉ាស៉ីនតោន)៖ អ្នកនាំពាក្យទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ខឺប៊ី (John Kirby) បាននិយាយថា សហរដ្ឋអាមេរិក​មើល​ឃើញ​ថា​គ្មាន​សញ្ញា​ណា​មួយ​ដែល​រុស្ស៊ី​ ត្រៀម​ដក​កង​កម្លាំង​របស់​ខ្លួន​ចេញ​ពី​ រោងចក្រ​ថាមពល​នុយក្លេអ៊ែរហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា (Zaporozhia) របស់អ៊ុយក្រែននោះទេ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងប្រាប់ទូរទស្សន៍ NBC លោក ខឺប៊ី បានគូសបញ្ជាក់ថា «យើងកំពុងតាមដានរឿងនេះយ៉ាងដិតដល់។ យើងអាចនិយាយបានច្បាស់ថា មិនឃើញមានការផ្លាស់ប្តូរធំដុំណាមួយរបស់រុស្ស៊ីដើម្បីចាកចេញពី រោងចក្រថាមពលនុយក្លេអ៊ែរនេះទេ។ ជាក់ស្តែង ពួកយើងក៏បានអំពាវនាវឲ្យរុស្ស៉ីដកកងទ័ពចេញ ចាប់តាំងពីពួកគេបានកាន់កាប់វាជាលើកដំបូងមកម្ល៉េះ និងធ្វើឲ្យតំបន់នេះគ្មានយោធា»។ លោក ខឺប៊ី បានបន្ថែមថា «ពិតណាស់ថាតំបន់នេះមិនមែនជាគោលដៅរបស់យោធា ប៉ុន្តែរុស្ស៉ីមិនបានបញ្ឈប់ការបាញ់ផ្លោងមកលើតំបន់ក្បែរនោះទេ»

គួរបញ្ជាក់ថា រុស្ស៉ីបានដណ្តើមកាន់កាប់រោងចក្រហ្សាប៉ូរ៉ិចហ្ស៉ីយ៉ា ចាប់តាំងពីដើមសង្រ្គាមផ្ទុះឡើង។ កន្លងមកនេះ ទាំងអ៊ុយក្រែននិងរុស្ស៉ី នៅតែបន្តោចោទដាក់គ្នាទៅវិញទៅមក ជុំវិញការបាញ់ផ្លោងនៅតំបន់ក្បែរៗ រោងចក្រនុយយក្លេអ៊ែរដ៏ធំបំផុត ក្នុងតំបន់អឺរ៉ុបមួយនេះ៕