(ប៉េកាំង)៖ ក្រុមអវកាសយានិកចិនចំនួន៣នាក់ បានទៅដល់ស្ថានីយអវកាសរបស់ប្រទេសខ្លួន ដោយសុវត្ថិភាពនៅថ្ងៃពុធនេះ ក្រោមការស្វាគមន៍របស់ក្រុមអវកាសយានិកចិន៣នាក់មុន ដែលស្ថិតនៅទីនោះស្រាប់ ខណៈវាគឺជាការចាប់ផ្តើមធ្វើប្រតិបត្តិការផ្លូវការ នៃស្ថានីយអវកាស ធានហ្កុង (Tiangong) ដែលជាស្ថានីយទីពីរក្នុងទីអវកាស បន្ទាប់ពីស្ថាននីយអវកាសអន្តរជាតិ ​ISS ដែលដឹកនាំ​ដោយ ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

យានអវកាស សិនចូវ-១៥ (Shenzhou-15) ហើយនិងអ្នកដំណើរទាំង៣នាក់ បានចេញដំណើរពីផ្ទៃផែនដី តាមរយៈគ្រាប់រ៉ុក្កែត ឡងម៉ាច (Long March-2F) នៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ជីវគ្វ័ន (Jiuquan Satellite Launch Centre) កាលពីវេលាម៉ោង ១១៖០៨នាទីយប់ថ្ងៃអង្គារ ក្រោមអាកាសធាតុដ៏ត្រជាក់ នៅតំបន់វាលខ្សាច់ ហ្កូប៊ី (Gobi Desert) ភាគពាយព្យប្រទេសចិន។

Shenzhou-15 គឺជាបេសកកម្មចុងក្រោយបង្អស់ ក្នុងចំណោមបេសកកម្មសរុបចំនួន១១ រួមមានទាំងបេសកកម្មបញ្ជូនមនុស្សចំនួន៣ជើង កន្លងមកផងដែរ ដែលចាំបាច់នៅក្នុងផែនការសាងសង់ស្ថានីយអវកាសរបស់ចិន។ បេសកកម្មដំបូងបំផុត ត្រូវបានធ្វើឡើងកាលពីខែមេសា ឆ្នាំ២០២១ តាមរយៈការបញ្ជូនកំណាត់បន្ទប់ស្នូល ធានហឺ (Tianhe) ឡើងទីអវកាស ខណៈកំណាត់បន្ទប់ពីរចុងក្រោយ ត្រូវបានបញ្ជូនឡើងកាលពីខែកក្កដា និងខែតុលា។

រយៈពេល៦ម៉ោងក្រោយចាកចេញពីផ្ទៃផែនដី យាន Shenzhou-15 ក៏បានទៅចូលចតនៅស្ថានីយអវកាស Tiangong ដោយជោគជ័យ ហើយក្រុមអវកាសយានិកទាំង៣នាក់ បានចូលទៅក្នុងស្ថានីយក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីក្រុមអវកាសយានិកនៃបេសកកម្ម សិនចូវ-១៤ (Shenzhou-14) ដែលបានទៅដល់ទីនោះ កាលពីខែដើមខែមិថុនា។ ក្រុមអវកាសយានិក Shenzhou-15 នឹងស្នាក់នៅក្នុងទីអវកាស រយៈពេល៦ខែ។

ចំណែក បេសកកម្ម Shenzhou-14 នឹងត្រឡប់ចុះមកផែនដីវិញ ក្នុងរយៈពេល១សប្តាហ៍​ទៀត ដើម្បីផ្ទៀតផ្ទាត់សមត្ថភាពថា ស្ថានីយអវកាស Tiangong អាចផ្ទុកអវកាសយានិកជាបណ្តោះអាសន្ន បានចំនួន៦នាក់ ដែលជាកំណត់ត្រាថ្មីមួយទៀត នៅក្នុងកម្មវិធីអវកាសរបស់ប្រទេសចិន ដ្បិតកាលពីពេលកន្លងៗមក គឺទាល់តែ​ក្រុមអវកាសយានិកមុន ធ្វើដំណើរចុះមកវិញសិន ទើបក្រុមថ្មីឡើងទៅតាមក្រោយ។

គួរបញ្ជាក់ថា ការសម្រេចបាននូវស្ថានីយអវកាសខាងលើ ដែលរចនាឡើងសម្រាប់ធ្វើប្រតិបត្តិការយ៉ាងហោច១០ឆ្នាំ នឹងក្លាយជា​ជោគជ័យដ៏ធំមួយ នៅក្នុងមហិច្ឆតាវិស័យអវកាសរបស់ប្រទេសចិន ខណៈដែលស្ថានីយអវកាសអន្តរជាតិ ISS ដែលដឹកនាំដោយសហរដ្ឋអាមេរិក អាចនឹងលែងធ្វើប្រតិបត្តិការបានតទៅទៀត នៅត្រឹមចុងទសវត្សនេះហើយ៕