(ប៉េកាំង)៖ រសៀលថ្ងៃទី២៨ ខែវិចិ្ឆកា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយលោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន។ ភាគីទាំងពីរឯកភាពគ្នាថា នឹងពួតដៃគ្នាដើម្បីជំរុញការកសាងទំនើបកម្ម ហើយឈានដល់គំនិតឯកភាពរួមដ៏សំខាន់អំពី ការរួមគ្នាកសាងសហគមន៍រួមវាសនារវាងប្រទេសទាំងពីរ ក្នុងយុគសម័យថ្មី។

ប្រទេសទាំងពីរបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម ដែលបានបញ្ចេញសញ្ញាវិជ្ជមានថា ទំនាក់ទំនងទ្វេភាគីបានឈានចូល ដំណាក់កាលថ្មីនិងបានឡើងដល់កម្រិតថ្មីថែមទៀត។ ក្នុងការជួបពិភាក្សាការងារ ភាគីទាំងពីរបានឯកភាពគ្នាថា នឹងខិតខំប្រឹងប្រែងឆ្ពោះទៅកាន់ទិសដៅស្តីពី ការកសាងសហគមន៍រួមវាសនារបស់ប្រទេសទាំងពីរ ដែលរួមរស់នៅដោយសន្តិភាព ជួយយកអាសាគ្នាទៅវិញទៅមក និងធ្វើកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយប្រការនេះនឹងជំរុញឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ ដើរកាន់តែឆ្ងាយនិងកាន់តែរឹងមាំក្នុងយុគសម័យថ្មី។

សន្តិភាពជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍ។ លោកប្រធានរដ្ឋចិន Xi Jinping បានគូសបញ្ជាក់ថា ភាគីចិនរីករាយរួមជាមួយភាគីម៉ុងហ្គោលី គោរពឯករាជ្យភាព អធិបតេយ្យភាពនិងបូរណភាពដែនដីគ្នាទៅវិញទៅមក គោរពផ្លូវអភិវឌ្ឍន៍រៀងៗខ្លួន ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកអំពីបញ្ហា ដែលពាក់ព័ន្ធដល់ផលប្រយោជន៍ជាស្នូលរៀងខ្លួន ក៏ដូចជាបញ្ហាធំនិងសំខាន់ដែលយកចិត្តទុកដាក់ដូចគ្នា។ លោក Ukhnaagiin Khurelsuh ប្រធានាធិបតីម៉ុងហ្គោលីរំលឹកឡើងវិញថា ភាគីម៉ុងហ្គោលីប្រកាន់ខ្ជាប់យ៉ាងមុតមាំ នូវគោលនយោបាយប្រទេសចិនតែមួយ ហើយគូសបញ្ជាក់ថា ភាគីម៉ុងហ្គោលីគាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិង គំនិតផ្តួចផ្តើមសន្តិសុខសកលដែលលើកឡើងដោយភាគីចិន។

ទំនុកចិត្តខ្ពស់ខាងនយោបាយបែបនេះបានចាក់គ្រឹះដ៏រឹងមាំ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាក់ស្តែងលើ គ្រប់វិស័យរវាងប្រទេសទាំងពីរ។ យោងតាមទិន្នន័យបានបង្ហាញថា ចិនបានក្លាយជាប្រទេសប្រភព នៃការវិនិយោគនិងដៃគូពាណិជ្ជកម្មធំទីមួយ របស់ម៉ុងហ្គោលីក្នុងរយៈពេល១៨ឆ្នាំជាប់ៗគ្នា។ ទំហំពាណិជ្ជកម្មសរុបរវាងចិន និងម៉ុងហ្គោលីគឺមានចំនួនលើសពី ៦០ភាគរយនៃទំហំពាណិជ្ជកម្ម ជាមួយបរទេសសរុបរបស់ម៉ុងហ្គោលី។ នៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចិននិងម៉ុងហ្គោលី បានវាយទម្លុះ១ម៉ឺនលានដុល្លារអាមេរិកជាលើកដំបូង។

ក្នុងបរិបទដែលជំងឺកូវីដ១៩ បានរីករាលដាល និងសេដ្ឋកិច្ចពិភពលោកពិបាកស្តារឡើងវិញ តើប្រទេសទាំងពីរចិននិងម៉ុងហ្គោលី នឹងបន្តទទួលបានកម្លាំងចលករអភិវឌ្ឍន៍តាមរបៀបណា? លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងក្នុងកិច្ចជំនួបថា ភាគីទាំងពីរគួរតែជំរុញការតភ្ជាប់គ្នារវាងគំនិតផ្តួចផ្តើមស្តីពី «ខ្សែក្រវាត់និងផ្លូវ» និងគំនិតផ្តួចផ្តើមស្តីពី «ផ្លូវវាលស្មៅ» គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលនិង «គោលនយោបាយងើបឡើងវិញថ្មី» របស់ម៉ុងហ្គោលី ក៏ដូចជាគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍ «ដើរដោយចែកជាពីរជំហាន» របស់ចិន និងគោលនយោបាយអភិវឌ្ឍន៍យូរអង្វែងស្តីពី «ផែនការឆ្នាំ២០៥០» របស់ភាគីម៉ុងហ្គោលី។

«ក្បាលម៉ាស៊ីនធំទាំងបី» នេះនឹងជំរុញពីមុំយុទ្ធសាស្ត្រនូវការអភិវឌ្ឍសេដ្ឋកិច្ច និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន នៃប្រទេសទាំងពីរ ដែលបំពេញបន្ថែមកម្លាំងចលករដ៏ខ្លាំងក្លា សម្រាប់ការរួមគ្នាកសាងសហគមន៍រួមវាសនារវាង ប្រទេសទាំងពីរចិននិងម៉ុងហ្គោលី ក្នុងយុគសម័យថ្មី។ ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍បានគ្រោងរួចហើយ ចិននិងម៉ុងហ្គោលីដែលជាប្រទេសជិតខាងល្អ មិត្តភក្តិល្អនិងជាដៃគូល្អ ពួតដៃគ្នារីកចម្រើនទៅមុខ លើផ្លូវកសាងទំនើបកម្ម មុខជានឹងសម្រេចបាននូវការអភិវឌ្ឍរួម និងវិបុលភាពរួមក្នុងយុគសម័យថ្មីជាក់ជាមិនខាន៕

វិទ្យុមិត្តភាពកម្ពុជាចិន