(ប៊ុយការ៉េស)៖ អ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះបានជំរុញឱ្យបណ្ដាប្រទេសជាសមាជិកបក្សសម្ព័ន្ធយោធា NATO បង្កើនល្បឿនផ្គត់ផ្គង់អាវុធ និងជួយ សា្ដរឡើងវិញនូវប្រព័ន្ធផ្គត់ផ្គង់ថាមពលអគ្គិសនី ខណៈលោកខាងលិចសន្យាបន្តជួយអ៊ុយក្រែន ឱ្យឆ្លងផុតរដូវរងា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

រុស្ស៉ី បានបង្កើនការវាយប្រហារតាមផ្លូវអាកាសកម្ទេចហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនជាបន្តបន្ទាប់ ដោយបណ្ដាលឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ នៅទូទាំងប្រទេសគ្មានអគ្គិសនីប្រើប្រាស់។ នៅក្នុងសុន្ទរកថាមួយនាឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស NATO ក្នុងទីក្រុងប៊ុយការ៉េស ប្រទេសរូម៉ានី រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានអំពាវនាវឱ្យបក្សសម្ព័ន្ធយោធា NATO បញ្ជូនឱ្យអាវុធមកបន្ថែម ជាពិសេស ប្រព័ន្ធមីស៊ីលការពារដែនអាកាស ឱ្យបានលឿនជាទីបំផុត។

លោក គូលេបា បានបញ្ជាក់ដូច្នេះថា «នៅពេលដែលយើងមាន ត្រង់ស្វមម៉ាទ័រ និងមាស៊ីនភ្លើង យើងអាចស្ដារប្រព័ន្ធថាមពលរបស់យើងឡើងវិញ ...ហើយបើយើងមានប្រព័ន្ធការពារដែនអាកាស នោះយើងនឹងអាច ការពារហេដ្ឋរចនាសម្ព័ន្ធរបស់យើងពីការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ី នៅពេលខាងមុខ»

គួរបញ្ជាក់ថា បើតាមលោក គូលេបា អ៊ុយក្រែនកំពុងត្រូវជាចាំបាច់នូវត្រង់ស្វមម៉ាទ័រ និងប្រព័ន្ធមីស៊ីលដែនអាកាស តួយ៉ាងដូចជាប្រព័ន្ធមីស៊ីល Patriot ផលិតដោយសហរដ្ឋអាមេរិក។ ប៉ុន្តែ ព្រមពេលជាមួយគ្នា រុស្ស៉ីក៏បានព្រមានប្រឆាំងនឹង NATO ផងដែរចំពោះគម្រោងបញ្ជូនប្រព័ន្ធមីស៊ីលនេះឱ្យ អ៊ុយក្រែន៕