(មូស្គូ)៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) នៅថ្ងៃអង្គារសប្តាហ៍នេះបានព្រមានប្រឆាំងអង្គការណាតូ (NATO)​ ចំពោះគម្រោងផ្តល់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត (Patriot) ដល់អ៊ុយក្រែន និងបានថ្កោលទោសបក្សសម្ព័ន្ធយោធាមួយនេះថាជា «អង្គភាពឧក្រិដ្ឋកម្ម» សម្រាប់ការផ្ដល់អាវុធឱ្យទីក្រុងកៀវ ដែលលោកហៅថាជារបបជ្រុលនិយម។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ម៉េដវ៉េដេវ បានសរសេរនៅលើបណ្តាញតេឡេក្រាម យ៉ាងដូច្នេះថា «ប្រសិនបើ ណាតូ (NATO) ពិតជាផ្គត់ផ្គង់របបជ្រុលនិយមអ៊ុយក្រែន ជាមួយ នឹងប្រព័ន្ធការពារមីស៉ីល Patriot ដូចដែលអគ្គលេខាធិការអង្គការណាតូ លោក ជេន ស្តូលធិនបឺគ (Jens Stoltenberg) បានណែនាំពិតមែន នោះពួកគេ នឹងក្លាយទៅជាគោលដៅស្របច្បាប់នៃកងកម្លាំងប្រដាប់អាវុធរបស់យើងភ្លាមៗ»។ លោក ម៉េដវ៉េដេវ បានបន្ថែមថា «ពិភពលោកស៊ីវិល័យ មិនត្រូវការអង្គការបែបនេះឡើយ ហើយអង្គភាពឧក្រិដ្ឋកម្មបែបនេះ គួរតែត្រូវបានរំលាយចោល»

គួរបញ្ជាក់ថា អ៊ុយក្រែន បានស្នើសុំសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ឲ្យផ្តល់ប្រព័ន្ធការពារដែនអាកាស រួមទាំងប្រព័ន្ធ Patriot ដែលផលិតដោយ សហរដ្ឋអាមេរិក ដើម្បីការពារខ្លួន និងទប់ស្កាត់ការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន៕