(ញូដេលី)៖ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកានេះ បានរាយការណ៍ថា ទីក្រុងមូស្គូបានដាក់សំណើទៅកាន់​ ឥណ្ឌាសម្រាប់ការផ្តល់ទំនិញច្រើនជាង៥០០មុខ ក្នុងនោះរួមមានទាំងគ្រឿងរបស់រថយន្ត, យន្តហោះ ហើយនិងរថភ្លើងជាដើម ខណៈដែលទណ្ឌកម្មបាននិងកំពុងរឹតត្បិតសមត្ថភាពរបស់រុស្ស៉ី ក្នុងការបន្តរក្សាដំណើរការនៃឧស្សាហកម្មសំខាន់ៗរបស់ខ្លួន។

បញ្ជីខាងលើដែលជាសំណៅមួយ ទីភ្នាក់ងារ Reuters ទទួលបាននៅទីក្រុងញូដេលី គឺមានលក្ខណៈជាបញ្ជីបណ្តោះអាសន្ន ខណៈវាមិន​ច្បាស់ទេថា ផលិតផលប៉ុន្មានមុខក្នុងចំណោមនោះ ដែលត្រូវនាំចេញ និងក្នុងចំនួនប៉ុន្មានឱ្យប្រាកដ ប៉ុន្តែប្រភពមួយពីរដ្ឋាភិបាលឥណ្ឌា បាននិយាយថា ទំហំនៃសំណើនេះគឺមិនមែនធម្មតានោះទេ។ ប្រភពដដែលអះអាងថា ឥណ្ឌាចង់បង្កើនការធ្វើពាណិជ្ជកម្មតាមរបៀបនេះ ដើម្បីព្យាយាមបង្រួមគម្លាតឱនភាពពាណិជ្ជកម្មជាមួយរុស្ស៉ី ដែលកំពុងកើនឡើង ប៉ុន្តែក្រុមហ៊ុនឥណ្ឌាមួយចំនួនបានបង្ហាញក្តីបារម្ភ អំពីហានិភ័យនៃការជាប់ទណ្ឌកម្មរបស់លោកខាងលិច។

ដោយឡែក ប្រភពពីវិស័យឧស្សាហកម្មនៅទីក្រុងមូស្គូ បានបង្ហើបឱ្យដឹងថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរុស្ស៉ី បានស្នើឱ្យ​ក្រុមហ៊ុនធំៗរបស់រុស្ស៉ី ផ្តល់ជាបញ្ជីនៃវត្ថុធាតុដើមនិងសម្ភារនានា ដែលពួកគេត្រូវការ ប៉ុន្តែនឹងចាំបាច់ឱ្យមានកិច្ចពិភាក្សាបន្ថែម ដើម្បីព្រមព្រៀងជុំវិញយថាប្រភេទនិងបរិមាណ ហើយរសំណើផ្គត់ផ្គង់របស់ទាំងនោះ មិនមែនកំណត់ត្រឹមតែទៅកាន់ ប្រទេសឥណ្ឌានោះឡើយ។

ចំណែកប្រភពពីរទៀតពីខាងឥណ្ឌា បានអះអាងថា ការស្នើសុំរបស់រុស្ស៉ីត្រូវបានធ្វើឡើងតាំងពីប៉ុន្មានសប្តាហ៍ មុនពេលដំណើរ​ទស្សនកិច្ច របស់រដ្ឋមន្រ្តីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ានយ៉ាម ចៃសានកា (Subrahmanyam Jaishankar) នៅទីក្រុងមូស្គូ កាលពីថ្ងៃទី៧ ខែវិច្ឆិកាទៅទៀត ហើយវាមិនច្បាស់ទេថា ឥណ្ឌាបានឆ្លើយតបបែបណាប្រាប់រុស្ស៉ី កំលុងទស្សនកិច្ចនោះ។

គួរបញ្ជាក់ថា ទីក្រុងញូដេលីមិនបានចូលរួមជាមួយក្រុមប្រទេសលោកខាងលិច ក្នុងការរិះគន់ដោយចំហៗទៅលើទីក្រុងមូស្គូ ជុំវិញសង្រ្គាមឈ្លានពាននៅអ៊ុយក្រែនឡើយ ហើយថែមទាំងបានបង្កើនការទិញប្រេងពីរុស្ស៉ីទៀតផង ដែលប្រការនេះបានជួយទីក្រុងមូស្គូ សម្រាលបន្ទុកខ្លះៗពីផលប៉ះពាល់ នៃទណ្ឌកម្មរបស់លោកខាងលិច៕