(ប៉េកាំង)៖ ប៉ុន្មានថ្ងៃនេះ World Cup កំពុងបើកធ្វើការប្រកួត ហើយការផលិតរបស់ចិននៅក្នុង World Cup កំពុងទាក់ទាញចំណាប់អារម្មណ៍។ កីឡដ្ឋាន Lusail ដែលជាកីឡដ្ឋានសំខាន់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក Qatar ត្រូវបានសាងសង់ដោយក្រុមហ៊ុនចិន។ ក្រៅពីកីឡដ្ឋាន ការហូបដេកដើរអង្គុយ ក៏អាចមើលឃើញការផលិតរបស់ចិនដែរ។

១- កីឡដ្ឋាន Lusail ត្រូវបានសាងសង់ដោយក្រុមហ៊ុនសំណង់ផ្លូវដែកអន្តរជាតិចិន ដែលអាចផ្ទុកអ្នកទស្សនាបាន៩២០០០ នាក់។ ដោយគិតពីអាកាសធាតុក្តៅក្នុងតំបន់ មានម៉ាស៊ីនត្រជាក់នៅក្រោមគ្រប់កៅអី។ លើសពីនេះទៀត ប្រព័ន្ធស្រោចស្រពធារាសាស្រ្ត និងការថែទាំវាលស្មៅនៅកីឡាដ្ឋាន ត្រូវបានគាំទ្រដោយសាកលវិទ្យាល័យ Ningxia របស់ប្រទេសចិន។

២- លោក Ma Ning អាជ្ញាកណ្តាលចិននិងលោក Cao Yi និងលោក Shi Xiang ជំនួយការអាជ្ញាកណ្តាលពីរនាក់បានបង្ហាញខ្លួន។ នេះជាលើកដំបូងបន្ទាប់ពី ២០ ឆ្នាំដែលអាជ្ញាកណ្តាលចិនបានចូលរួម ក្នុងការងារអនុវត្តច្បាប់ម្តងទៀតនៅក្នុង World Cup។

៣- Mascots៖ យោងតាមការប៉ាន់ស្មានរបស់ សមាគមផលិតផលកីឡា Yiwu ចាប់ពី mascot «Laib» ដល់បាល់ប្រើក្នុង World Cup និងកញ្ចែរបស់អ្នកគាំទ្រ ចាប់ពីអាវរបស់ក្រុមនីមួយៗ ដល់ការតុបតែងនៃ Hercules Cup និងទង់កំពូលទាំង ៣២... «Made in Yiwu» មានចំណែកទីផ្សារដល់ទៅ ៧០% នៃទំនិញគ្រឿងបរិក្ខារក្នុង World Cup ទាំងមូល។

៤- នៅមុន World Cup ខ្លាឃ្មុំផេនដាឈ្មោះ «Jingjing» និង «Sihai» ដែលមកពីប្រទេសចិន បានជួបសាធារណជនជាផ្លូវការ នៅក្រុងដូហា។ នៅខែតុលា ឆ្នាំ ២០២២ នេះ «Jingjing» និង «Sihai» បានចេញដំណើរទៅប្រទេសកាតា។ យោងតាមកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ខ្លាឃ្មុំផេនដាពីរក្បាលនេះ នឹងរស់នៅក្នុងប្រទេសកាតារយៈពេល ១៥ ឆ្នាំ។

៥- ក្នុងអំឡុងពេល World Cup ឡានក្រុងជាច្រើន បានដឹកជញ្ជូនពីកីឡដ្ឋាន សណ្ឋាគារនិងកន្លែងផ្សេងទៀត ដោយទទួលភារកិច្ចដឹកជញ្ជូនអ្នកគាំទ្រ មន្ត្រីនិងអ្នកសារព័ត៌មាន។ ក្នុងចំណោមនោះ ឡានក្រុងថាមពលថ្មីផលិតដោយ ប្រទេសចិនបានក្លាយជាកម្លាំងសំខាន់។ តាមដំណឹងបានឱ្យដឹងថា ដើម្បីបំពេញតម្រូវការដឹកជញ្ជូនក្នុង World Cup កាតាបាននាំចូលរថយន្តដឹកអ្នកដំណើរពី ប្រទេសចិនចំនួន ១៥០០គ្រឿង រួមទាំងរថយន្តដឹកអ្នកដំណើរអគ្គិសនីសុទ្ធចំនួន ៨៨៨ គ្រឿងផងដែរ។

៦- ស្ថានីយ៍ថាមពល Photovoltaic៖ ស្ថានីយ៍ថាមពល photovoltaic Alcazar បានចុះកិច្ចសន្យានិងសាងសង់ដោយក្រុមហ៊ុនគម្រោង Guizhou ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ POWERCHINA គឺជាស្ថានីយ៍ថាមពលពន្លឺព្រះអាទិត្យដំបូងគេ នៅក្នុងប្រទេសកាតា។ នៅទីនេះ បន្ទះស្រូបពន្លឺព្រះអាទិត្យជាង ២លាន នៅក្នុងឧទ្យាននេះអាចផ្តល់ឱ្យកាតា នូវថាមពលស្អាតប្រហែល ១.៨ ពាន់លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំ៕

វិទ្យុមិត្តភាពកម្ពុជាចិន