(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) បានប្រាប់គណៈរដ្ឋមន្ត្រីរបស់លោក បង្កើនកញ្ចប់ថវិកាយោធាឱ្យដល់ ២ភាគរយ នៃផលិតផលនៅក្នុងស្រុកសរុប ឬ GDP នៅឆ្នាំ២០២៧ ចំពោះមុខការកើនឡើងឥទ្ធិពលចិន និងការរីកចម្រើនទៅមុខនៃសមត្ថភាព យោធាកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP​ នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។​

លោក គីស៊ីដា បានប្រកាសពីផែនការខាងលើប្រាប់រដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់លោក កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងគ្រាដែល ជប៉ុន កំពុងត្រួតពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រការពារជាតិ និងសន្តិសុខរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ក្នុងនោះរួមមានការកើនឡើង ឥទ្ធិពលចិន ការគំរាមកំហែងពីកូរ៉េខាងជើង និងការផ្លាស់ប្ដូរស្ថានភាពភូមិសាស្ត្រនយោបាយ ក្រោយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន។

កាលពីខែសីហាកន្លងទៅ ក្រសួងការពារជាតិជប៉ុន បានដាក់សំណើស្នើសុំកញ្ចប់ថវិកាយោធា ៤០ពាន់លានដុល្លារ ប៉ុន្តែ ទំហំទឹកប្រាក់នេះមិនទាន់ សម្រេចជាផ្លូវការនៅឡើយទេ រហូតដល់រដ្ឋាភិបាលទីក្រុងតូក្យូ ធ្វើបច្ចុប្បន្នភាពលើគោលនយោបាយការពារជាតិជាច្រើនជាមុនសិន។ ជុំវិញកញ្ចប់ ថវិកាយោធានេះដែរ ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្រោយជំនួបជាមួយលោក គីស៊ីដា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក យ៉ាស៊ុកាហ្សូ ហាម៉ាដា (Yasukazu Hamada) បានបញ្ជាក់ថារដ្ឋាភិបាលជប៉ុននឹងបង្កើនកញ្ចប់ថវិកាយោធា និងការចំណាយផ្សេងៗទៀត ឱ្យដល់ ២ភាគរយ នៃ GDP នៅឆ្នាំ២០២៧។

គួរបញ្ជាក់ថា កញ្ចប់ថវិកាយោធារបស់ជប៉ុន ក្នុងរយៈពេលរាប់ទសវត្សរ៍មកនេះ មានកម្រិតត្រឹម ១ភាគរយ ឬតិចជាងនេះនៃ GDP តែប៉ុណ្ណោះ។ ប៉ុន្តែ ការកើនឡើងឥទ្ធិពលចិន ការគំរាមកំហែងពីកូរ៉េខាងជើង​ រួមទាំងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីនៅអ៊ុយក្រែន បានជំរុញឱ្យរដ្ឋាភិបាលរបស់លោក គីស៊ីដា ដាក់ចេញផែនការបង្កើនកញ្ចប់ថវិកាយោធា ហើយតួលេខ ២ភាគរយគឺជាកម្រិតនៃកញ្ចប់ថវិកាយោធាស្ដង់ដារដែលបក្សសម្ព័ន្ធយោធា NATO តម្រូវលើបណ្ដាប្រទេសជាសមាជិករបស់ខ្លួន៕