(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk yeol) បាននិយាយថា ចិនមិនត្រឹមតែមានទំនួលខុសត្រូវប៉ុណ្ណោះទេ តែក៏មានសមត្ថភាពអាចកែប្រែ «អាកប្បកិរិយា» របស់កូរ៉េខាងជើងផងដែរ ប្រសិនបើទីក្រុងប៉េកាំង ចង់ធ្វើដូច្នេះមែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក យូន ស៊ុកយុល ធ្វើឡើងនៅក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយការជំរុញផងដែរឱ្យចិន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតរបស់កូរ៉េខាងជើង បំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជា សមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើពុំដូចច្នោះទេ នឹងនាំឱ្យមានការបង្កើនសព្វាវុធ និងយោធានៅក្នុងតំបន់។

លោក យូន បានគូសបញ្ជាក់ដូច្នេះថា «អ្វីដែលច្បាស់បំផុត នោះគឺចិនមានសមត្ថភាពដាក់សម្ពាធលើកូរ៉េខាងជើង ហើយចិនមានទំនួលខុសត្រូវក្នុង ការធ្វើដូច្នេះ»។ តែទោះជាបែបនេះក្ដី បើតាមលោក យូន អ្វីៗគឺអាស្រ័យទៅលើទីក្រុងប៉េកាំងថាតើត្រូវសម្រេចចិត្តបែបណា ដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

គួរបញ្ជាក់ថា កូរ៉េខាងជើង នៅក្នុងឆ្នាំ២០២២នេះ បានបាញ់សាកល្បងមីស៊ីលក្នុងចំនួនដ៏ច្រើនមិនធ្លាប់មាន ហើយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ លោក គីម ជុងអ៊ុន បានបញ្ជាក់ត្រង់ៗថាកូរ៉េខាងជើងមានមហិច្ឆតាចង់បានកងកម្លាំងនុយក្លេអ៊ែរដ៏ខ្លាំងក្លាបំផុត នៅលើពិភពលោក៕