(អ៊ីតាលី)៖ អ្នកជំនាញ និងសកម្មជនបាននិយាយថា ការសាងសង់អគារខុសច្បាប់បានបង្កើនហានិភ័យពីគ្រោះធម្មជាតិនៅលើកោះ Ischia របស់អ៊ីតាលី ខណៈដែលចំនួនអ្នកស្លាប់ដោយសារការបាក់ដី ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានកើនឡើងដល់ ៨នាក់រួមទាំងទារកម្នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ​​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

មនុស្ស០៤នាក់នៅតែបាត់ខ្លួន ក្រោយគ្រោះរញ្ជួយដីបានវាយប្រហារលើទីក្រុងតូចមួយឈ្មោះថា កាសាមីកស្យូឡា ទែរម៉េ (Casamicciola Terme) នៅលើកោះអ៉ីសគីយ៉ា កាលពី ព្រឹកថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ (ម៉ោងក្នុងតំបន់)។ ជនរងគ្រោះដែលបានបញ្ជាក់ រួមមានទាំងទារកអាយុ២២ថ្ងៃម្នាក់ និងកុមារតូចៗ២នាក់ទៀតផងដែរ។

រដ្ឋាភិបាលអ៉ីតាលី បានបញ្ចេញកញ្ចប់ថវិកាជំនួយ ២លានអឺរ៉ូ ឬស្មើនឹងជាង ២លានដុល្លារ នៅក្រោយកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីបន្ទាន់ ហើយក៏បានប្រកាសភាពអាសន្ននៅក្នុងកោះ អ៉ីសគីយ៉ាផងដែរ។

មកទល់នឹងពេលនេះ ក្រុមអ្នកជួយសង្រ្គោះជាង ២០០នាក់់ នៅតែបន្តប្រតិបត្តិការជួយសង្រ្គោះ និងតាមរកមនុស្សដែលកំពុងបាត់ខ្លួន បើទោះជាប្រតិបត្តិការនេះ កំពុងជួបឧបសគ្គដោយសារមានភ្លៀងធ្លាក់ និងខ្យល់បក់បោកខ្លាំងក៏ដោយ៕