(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោកបានប្រកាសកាលពីថ្ងៃចន្ទនេះថា ជំងឺអុតស្វា (Monkeypox) នឹងត្រូវប្តូរឈ្មោះទៅជាភាសាអង់គ្លេសថា mpox ក្នុងគោលបំណងដើម្បីជៀសវាងការមាក់ងាយ ដែលកើតចេញពីឈ្មោះដែលមានស្រាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ជំងឺអុតស្វា ឬ Monkeypox ត្រូវបានគេដាក់ឈ្មោះបែបនេះ ដោយសារតែជំងឺនេះត្រូវបានគេកំណត់អត្តសញ្ញាណដំបូង នៅក្នុងសត្វស្វាដែលត្រូវបានគេរក្សាទុកសម្រាប់ការស្រាវជ្រាវ នៅប្រទេសដាណឺម៉ាកក្នុងឆ្នាំ១៩៥៨ ប៉ុន្តែជំងឺនេះក៏ត្រូវបានគេរកឃើញនៅលើសត្វមួយចំនួនទៀតផងដែរ ដែលភាគច្រើននៅលើសត្វកកេរ។

ទីភ្នាក់ងារ​សុខភាព​របស់​អង្គការ​សហ​ប្រជាជាតិ ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយថា «បន្ទាប់ពីមានការពិគ្រោះយោបល់ជាបន្តបន្ទាប់ជាមួយអ្នកជំនាញពិភពលោក WHO នឹងចាប់ផ្តើមប្រើពាក្យដែលពេញចិត្តថ្មីគឺ mpox ជាពាក្យមានន័យដូចសម្រាប់ជំងឺអុតស្វា (Monkeypox)។ ឈ្មោះទាំងពីរនឹងត្រូវបានប្រើក្នុងពេលដំណាលគ្នាសម្រាប់រយៈពេលមួយឆ្នាំ ខណៈពេលដែលឈ្មោះ Monkeypox នឹងត្រូវបានលុបចោលជាដំណាក់កាល។

អង្គការសុខភាពពិភពលោក នឹងទទួលយកពាក្យ mpox នៅក្នុងការទំនាក់ទំនងរបស់ខ្លួន ហើយលើកទឹកចិត្តអ្នកផ្សេងទៀតឱ្យអនុវត្តតាមអនុសាសន៍ទាំងនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលកំពុងបន្តនៃឈ្មោះបច្ចុប្បន្ន។

គួរបញ្ជាក់ថា ជំងឺនេះត្រូវបានរកឃើញជាលើកដំបូងលើមនុស្សក្នុងឆ្នាំ១៩៧០ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដោយមានការរីករាលដាលក្នុងចំណោមមនុស្សចាប់តាំងពីពេលនោះមក ដោយត្រូវបានកំណត់ជាជំងឺឆ្លងនៅប្រទេសមួយចំនួននៅអាហ្វ្រិកខាងលិច និងអាហ្វ្រិកកណ្តាល៕