(វ៉ាស៊ីនតោន)៖ យន្ដហោះខ្នាតតូចមួយគ្រឿង បានហោះបុកបង្គោលភ្លើងមួយដើម ដែលស្ថិតនៅចម្ងាយប្រហែល ៤៨គីឡូម៉ែត្រពីភាគខាងជើងនៃរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ពេលវេលានៅសហរដ្ឋអាមេរិក) ដោយបង្កឱ្យដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំ ខណៈក្រុមអ្នកជួយសង្រ្គោះត្រូវធ្វើការ ទាំងយប់ ដើម្បីសង្រ្គោះមនុស្ស២នាក់ជិះនៅលើយន្ដហោះ ដែលកំពុងជាប់នៅលើបង្គោលភ្លើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

យន្ដហោះខ្នាតតូចខាងលើ បានហោះបុកបង្គោលភ្លើង នៅឯតំបន់ម៉ុងហ្គោមឺរី (Montgomery) នៃរដ្ឋម៉ារីលែន (Maryland) ហើយគៀបជាប់នៅលើបង្គោលភ្លើងមាន កម្ពស់ពីដីប្រហែល ៣០ម៉ែត្រ។ ហេតុការណ៍គ្រោះថ្នាក់នេះបានបង្កឱ្យប្រជាជន ១២០,០០០នាក់គ្មានអគ្គិសនីប្រើប្រាស់ជាបណ្ដោះអាសន្ន រីឯភ្លើងបំភ្លឺផ្លូវ និងភ្លើងសញ្ញា ចរាចរណ៍ក៏ត្រូវដាច់ផងដែរ។ ប៉ុន្តែ ជាសំណាងល្អ មនុស្សពីរជិះនៅលើយន្ដហោះនោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ហើយមូលហេតុបណ្ដាល ឱ្យយន្ដហោះនេះបុកបង្គោលភ្លើង មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

គួរបញ្ជាក់ថា យន្ដហោះខ្នាតតូចខាងលើ ប្រភេទ Mooney M20J ត្រូវបានគេរាយការណ៍ថាបានហោះចេញពីតំបន់ វ៉េសឆេសស្ទ័រ (Westchester) នៃរដ្ឋ New York និងមាន គោលដៅចុះចតនៅឯអាកាសយានដ្ឋាននៃតំបន់ Montgomery៕