(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថារុស្ស៉ីអាចនឹងបន្តបាញ់ស្រោចមីស៊ីលលើប្រទេសរបស់លោក និងបានព្រមានឱ្យ កងកម្លាំងការពារជាតិ រួមទាំងប្រជាជនអ៊ុយក្រែនទាំងអស់ ត្រៀមលក្ខខណៈ សម្រា​ប់ការខ្វះខាត ឬការដាច់ចរន្តអគ្គិសនី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ការធ្លាក់ព្រិលខ្លាំងនៅទីក្រុងកៀវនៃប្រទេសអ៊ុយក្រែន បានចាប់ផ្ដើមជាបណ្ដើរៗហើយ ដោយសីតុណ្ហភាពនឹងចុះ​ក្រោមសូន្យអង្សាសេកាន់តែខ្លាំងទាំងយប់ទាំងថ្ងៃ ខណៈប្រជាជនរាប់លាននាក់ ដែលកំពុងរស់នៅក្នុងក៏ដូចជាជុំវិញរដ្ឋធានីមួយនេះ បន្តទទួលបានថាមពលអគ្គិសនីនិងកម្តៅ ក្នុងកម្រិតតិចតួចប៉ុណ្ណោះសម្រាប់ប្រើប្រាស់។

ក្រុមហ៊ុនប្រតិបត្តិករបណ្តាញថាមពលអគ្គិសនី អ៊ុយក្រេណឺហ្កូ (Ukrenergo) បានឱ្យដឹងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ការផលិតថាមពលអគ្គិសនី គឺអាចផ្គត់ផ្គង់សម្រាប់តែជាង ៥០ភាគរយប៉ុណ្ណោះនៃតម្រូវការ ដែលចាំបាច់ឱ្យមានការរឹតត្បិតលើការប្រើប្រាស់ និងបញ្ហាដាច់ចរន្តអគ្គិសនី នៅពាសពេញផ្ទៃប្រទេស។

នៅក្នុងសុន្ទរកថាតាមវីដេអូចេញផ្សាយ កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងដឹងថាពួកភេរវករ មានផែនការបើកការវាយប្រហារសាជាថ្មី។ យើងដឹងថានេះគឺជាការពិត ហើយដរាបណា ពួកគេនៅតែមានមីស៊ីល នោះពួកគេនឹងមិនបញ្ឈប់ឡើយ»។ ដូច្នេះ កងកម្លាំង និងប្រជាជនត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ស្របពេលដែលយើងកំពុងធ្វើការជាមួយសម្ព័ន្ធមិត្ត និងប្រទេសជាដៃគូលើគ្រប់សេណារីយ៉ូទាំងអស់»។

គួរបញ្ជាក់ថា បើតាមលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បច្ចុប្បន្ន មានការរឹតត្បិតទៅលើការប្រើប្រាស់ថាមពលអគ្គិសនី នៅតំបន់ចំនួន១៤ ក្នុងចំណោមតំបន់ទាំង២៧ របស់អ៊ុយក្រែន និងនៅរដ្ឋធានីកៀវ សម្រាប់ប្រជាជនជាង ១០០,០០០នាក់ ក្នុងតំបន់នីមួយៗ៕