(ព្យុងយ៉ាង)៖ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក មានបំណងពង្រឹងកងកម្លាំងនុយក្លេអ៊ែរ ឱ្យខ្លាំងរឹងមាំជាងគេបង្អស់នៅលើពិភពលោក ក្នុងឱកាសដែលលោកស្ងើចសរសើរ ក្រុមមន្រ្តីយោធារាប់សិបរូប ដែលបានចូលរួមពាក់ព័ន្ធក្នុងការបាញ់តេស្តមីស៉ីលបាលិស្ទីគ កាលពីពេលកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងសេចក្តីរាយការណ៍នាថ្ងៃអាទិត្យនេះ ដោយទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងថា គោលដៅធំចុងក្រោយបំផុតរបស់ប្រទេសកូរ៉េខាងជើង គឺមានកងកម្លាំងនុយក្លេអ៊ែរដែលពោរពេញដោយអានុភាព ជាងគេបង្អស់នៅលើពិភពលោក ខណៈប្រការនេះនឹងជួយការពារសេចក្តីថ្លៃថ្នូរ ក៏ដូចជាអធិបតេយ្យរបស់ប្រទេសជាតិ និងប្រជាជន។

ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ បានបន្តថា ក្រុមវិស្វករកូរ៉េខាងជើងសម្រេចបាន នូវការបោះជំហានទៅមុខដ៏អស្ចារ្យមួយ ក្នុងដំណើរការអភិវឌ្ឍបច្ចេកវិទ្យាបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នៅលើមីស៉ីលបាលិស្ទីគ ហើយត្រូវបានរំពឹងថានឹងខិតខំពង្រីកនិងពង្រឹង សមត្ថភាពអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើងបន្ថែមទៀត ក្នុងសន្ទុះយ៉ាងឆាប់រហ័សជាទីបំផុត។

ការប្រកាសខាងលើកើតមានឡើង បន្ទាប់ពីលោក គីម បានត្រួតពិនិត្យការធ្វើតេស្តបាញ់មីស៉ីលបាលិស្ទីគ Hwasong-17 ដែលជាមីស៉ីលបាលិស្ទីគអន្តរទ្វីប (ICBM) ធំបំផុតរបស់កូរ៉េខាងជើង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ហើយបានសន្យាថានឹងទប់ទល់នូវអ្វីដែលលោកចាត់ទុក ជាការគំរាមកំហែងនុយក្លេអ៊ែររបស់អាមេរិក។ លោក គីម បានពិពណ៌នា Hwasong-17 ថាជាអាវុធយុទ្ធសាស្រ្តខ្លាំងជាងគេរបស់ពិភពលោក ហើយអះអាងថា វាបានបង្ហាញឱ្យឃើញពីការប្តេជ្ញាយ៉ាងមុខមាំ និងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការឆ្ពោះទៅកសាងកងទ័ព ដែលខ្លាំងជាងគេលើលោក។

គួរបញ្ជាក់ថា ដោយមានសមត្ថភាពបាញ់ដល់សហរដ្ឋអាមេរិក ការធ្វើតេស្តមីស៉ីល Hwasong-17 បានជំរុញឱ្យទីក្រុងវ៉ាស៉ីនតោនកោះប្រជុំ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ហើយអំពាវនាវឱ្យប្រធានក្រុមប្រឹក្សាសេចក្តីថ្លែងការណ៍ ថ្កោលទោសកូរ៉េខាងជើងសម្រាប់ ការបាញ់សាកល្បងមីស៉ីលបាលិស្ទីគរបស់ខ្លួន ដែលត្រូវបានហាមឃាត់ដោយ សេចក្តីសម្រេចកន្លងមក របស់ក្រុមប្រឹក្សាសន្តិសុខ UN៕