(មីនស្កិ៍)៖ ទីភ្នាក់ងារព័ត៌មានរដ្ឋបេឡារុស បេលតា (Belta) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា រដ្ឋមន្រ្តីការបរទេសបេឡារុស ដែលកាន់តំណែងនេះអស់រយៈពេលរាប់ឆ្នាំមកហើយ សុខៗស្រាប់តែបានទទួលមរណភាព ពោលគឺ២ថ្ងៃមុនពេលលោកត្រូវ ជួបមុខគ្នាជាមួយសមភាគីរុស្ស៉ីរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មាន Belta បានរាយការណ៍ដូចខាងលើ ដោយពុំមានផ្តល់ខ្លឹមសារលម្អិតអ្វីទៀតនោះទេ។ លោក វ៉្លាឌីមៀ ម៉ាកី (Vladimir Makei) បានកាន់តំណែងជារដ្ឋមន្រ្តីការបរទេសបេឡារុស តាំងតែពីឆ្នាំ២០១២មកម្ល៉េះ។ រដ្ឋមន្រ្តីការបរទេសបេឡារុសរូបនេះ ដែលមានអាយុ៦៤ឆ្នាំ បានចូលរួមសន្និសីទសន្តិសុខ CSTO ក្នុងរដ្ឋធានីយ៉េរ៉េវ៉ាន់នៃប្រទេសអាមេនី កាលពីប៉ុន្មានថ្ងៃមុន ហើយលោកនឹងត្រូវជួបរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ថា មុនការបោះឆ្នោតប្រធានាធិបតី និងការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលទ្រង់ទ្រាយធំ នៅបេឡារុសកាលពីឆ្នាំ២០២០ លោក ម៉ាកី បានស្ថិតក្នុងចំណោមក្រុមអ្នកផ្តួចផ្តើមកិច្ចប្រឹងប្រែង ដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរបស់បេឡារុស ជាមួយលោកខាងលិច ហើយក៏ធ្លាប់បានរិះគន់លើរុស្ស៉ីផងដែរ។

យ៉ាងណាមិញ លោកប្រមុខការទូតបេឡារុស ក៏បានផ្លាស់ប្តូរជំហររបស់ខ្លួនភ្លាមៗ បន្ទាប់ពីបាតុកម្មបានផ្ទុះឡើង ដោយនិយាយថា ពួកវាត្រូវបានជំរុញដោយ​ភ្នាក់ងាររបស់ក្រុមលោកខាងលិច។ រីឯក្រោយការឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ លោក ម៉ាកី ដែលជាអ្នកគាំទ្រចំណង​ទាក់ទងជិតស្និទ្ធរវាងទីក្រុងមីនស្កិ៍និងទីក្រុងមូស្គូ បានលើកឡើងថា ក្រុមលោកខាងលិចជាអ្នកបង្កហេតុឱ្យសង្រ្គាមនេះផ្ទុះឡើង ហើយអ៊ុយក្រែនគួរតែទទួលយកលក្ខខណ្ឌសន្តិភាពរបស់រុស្ស៉ី។ ចំណែកនៅប៉ុន្មានថ្ងៃមុនការឈ្លានពាន លោកបានអះអាងថា នឹងមិនមាន​ការវាយប្រហារចូលអ៊ុយក្រែនពីទឹកដីរបស់បេឡារុសឡើយ។

ក្រសួងការបរទេសរុស្ស៉ីនិងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) បានសម្តែងការចូលរួម​រំលែកទុក្ខចំពោះដំណឹងមរណភាពរបស់លោក ម៉ាកី ខណៈមេបក្សប្រឆាំងបេឡារុស ដែលត្រូវបាននិរទេសខ្លួន គឺលោកស្រី ស្វីយ៉ាត់ឡាណា ស៉ីខានូស្កាយ៉ា (Sviatlana Tsikhanouskaya) បានធ្វើអត្ថាធិប្បាយជុំវិញដំណឹងមរណភាពរបស់លោក ម៉ាកី ដោយហៅលោកថាជាជនក្បត់ ដោយសារតែការក្រឡាស់គោលជំហរ កាលពីឆ្នាំ២០២០៕