(សេអ៊ូល)៖ មន្ត្រីក្រសួងដឹកជញ្ជូនកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសៅរ៍នេះថា ក្រសួងដឹកជញ្ជូនគ្រោងនឹងរៀបចំជំនួបជាមួយក្រុមសហជីពដឹកទំនិញដែលកំពុងធ្វើកូដកម្ម ដើម្បីចរចាគ្នា នៅថ្ងៃចន្ទសប្តាហ៍ក្រោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្ត្រីក្រសួងដឹកជញ្ជូន បានគូសបញ្ជាក់ថា យើងបានស្នើសុំជជែកពិភាក្សាជាមួយសហជីព ហើយសហជីពដឹកទំនិញបានឆ្លើយតបថា ពួកគេនឹងជួបជាមួយយើងនៅថ្ងៃចន្ទ។ ដោយឡែក មន្ត្រី​សហជីព​ បានលើកឡើងថាកិច្ច​ប្រជុំ​ដែលគ្រោងនឹងធ្វើឡើងនេះ នឹង​ក្លាយជា​កិច្ច​សន្ទនា​ផ្លូវ​ការ​លើក​ដំបូង​រវាង​ភាគី​ទាំង​ពីរ។

គួរបញ្ជាក់ថា កម្មករដឹកទំនិញរាប់ពាន់នាក់បានកូដកម្មដ៏ធំជាលើកទី២ ក្នុងរយៈពេលតិចជាង៦ខែកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីទាមទារប្រាក់ខែ និងលក្ខខណ្ឌការងារប្រសើរជាងមុន ខណៈសកម្មភាពនេះកំពុងរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅទូទាំងប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុតទី ១០របស់ពិភពលោកមួយនេះ។

ក្រសួងដឹកជញ្ជូនកូរ៉េ បានឲ្យដឹងថា មនុស្សប្រហែល ៥,០០០នាក់ បានចូលរួមកូដកម្មនៅថ្ងៃសៅរ៍នេះ ក្នុង១៣៦ទីតាំងទូទាំងប្រទេស ដែលធ្លាក់ចុះពីចំនួន ៩,៦០០នាក់នៅថ្ងៃដំបូងនៃកូដកម្ម៕