(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស នៅថ្ងៃសៅរ៍នេះបាននិយាយថា រុស្ស៉ីទំនងជាបាន និងកំពុងដកក្បាលគ្រាប់នុយក្លេអ៊ែរ ចេញពីមីស៊ីលគ្រូសស៊េរីចាស់ របស់ខ្លួន ហើយបានបាញ់មីស៊ីលដោយគ្មានក្បាលគ្រាប់ ក្នុងការវាយប្រហារលើអ៊ុយក្រែន នារយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិអង់គ្លេស ធ្វើសេចក្ដីរាយការណ៍បែបនេះនៅក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានសម្ងាត់ ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែនដែលត្រូវបានបង្ហោះលើ Twitter និងដោយផ្អែកលើទីភ្នាក់ងារស៊ើបការណ៍សម្ងាត់យោធារបស់ខ្លួន។ ក្រសួងបានឱ្យដឹងទៀតថា រូបភាពនៃបំណែកមីស៊ីលគ្រូសមួយគ្រាប់ដែលត្រូវបាន បាញ់លើអ៊ុយក្រែន មើលទៅដូចជាប្រភេទមីស៊ីលផលិតឡើងក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដែលរុស្ស៉ីរចនាឡើងសម្រាប់បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ តែរុស្ស៉ីបាន ដកក្បាលគ្រាប់នុយក្លេអ៊ែរចេញ ហើយប្រើឧបករណ៍រក្សាស្ថិរភាពមីស៊ីលជំនួសក្បាលគ្រាប់។ ពោលគឺ រុស្ស៉ីបានបាញ់មីស៊ីលគ្រូសដោយមិនមានក្បាលគ្រាប់លើ អ៊ុយក្រែន។

ការវាយប្រហារបែបនេះអាចបង្កការបំផ្លិចបំផ្លាញ តាមរយៈថាមពលឃីនេទិក (kinetic energy) និងឥន្ធនៈនៅក្នុងមីស៊ីល ហើយព្រមពេលជាមួយគ្នា វាទំនងជា មិនបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរលើគោលដៅដែលរងការវាយប្រហារនោះទេ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ ក្រសួងការពារជាតិអង់គ្លេសបានអះអាងថាការប្រើប្រាស់ មីស៊ីលគ្រូសស៊េរីចាស់ដោយដកក្បាលគ្រាប់ចេញ គឺបង្ហាញពីការថយចុះនូវចំនួនមីស៊ីលរយៈចម្ងាយឆ្ងាយនៅក្នុងស្ដុករបស់រុស្ស៉ី៕