(បែរឡាំង)៖ អាល្លឺម៉ង់ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានឱ្យដឹងថាខ្លួនកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្ត ជុំវិញសំណើរបស់ប៉ូឡូញដែលចង់បញ្ជូនប្រព័ន្ធមីស៊ីល ការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) ទៅឱ្យអ៊ុយក្រែន បន្ទាប់ពីប្រមុខ NATO អះអាងថាបក្សសម្ព័ន្ធយោធាមួយនេះអាចនឹងមិនជំទាស់ចំពោះការប្រគល់ ប្រព័ន្ធមីស៊ីលនេះឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងទីក្រុងបែរឡាំង អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ម្នាក់ បានគូសបញ្ជាក់ដូច្នេះថា «យើងកំពុងពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់យើង ថាតើត្រូវដោះស្រាយបែបណា ចំពោះសំណើរបស់ប៉ូឡូញ»។ ទីក្រុងបែរឡាំង កាលដើមសប្ដាហ៍កន្លងទៅនេះ បានប្រកាសផ្តល់ប្រព័ន្ធមីស៊ីលការពារ ដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) ឱ្យ​ទីក្រុងវ៉ាសូវី ក្រោមគោលបំណងជួយរក្សាសន្តិសុខដែនអាកាសរបស់ប៉ូឡូញ បន្ទាប់ពីមីស៉ីល១គ្រាប់ បានធ្លាក់ នៅភាគខាងកើត​ប្រទេសប៉ូឡូញ ហើយផ្តាច់ជីវិតមនុស្ស២នាក់ កាលពីសប្តាហ៍មុន។

ប៉ុន្តែ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ (Mariusz Blaszczak) បាននិយាយកាលពីថ្ងៃពុធ ទី២៣ ខែវិច្ឆិកានេះថាលោកបានស្នើឱ្យ អាល្លឺម៉ង់បញ្ជូនប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) ដែលទីក្រុងបែរឡាំងចង់ផ្តល់ឱ្យទីក្រុងវ៉ាសូវីនោះទៅកាន់អ៊ុយក្រែន វិញចុះទើបប្រសើរជាង។

ប្រធានាធិបតីប៉ូឡូញ លោក អាន់ហ្សិច ឌូដា (Andrzej Duda) បាននិយាយថាការសម្រេចចិត្តថាតើត្រូវដំឡើងប្រព័ន្ធមីស៊ីល ប៉ាទ្រីយ៉ូត នៅទីណា គឺអាស្រ័យ ទៅលើការសម្រេចចិត្តរបស់អាល្លឺម៉ង់ តែវាជារឿងមួយដ៏ប្រសើរសម្រាប់សន្តិសុខប៉ូឡូញដូចគ្នា បើប្រព័ន្ធមីស៊ីលនេះត្រូវបានដំឡើង នៅលើទឹកដីអ៊ុយក្រែន ជាប់ព្រំដែនជាមួយប៉ូឡូញ។ យ៉ាងណាក៏ដោយ លោក ឌូដា សង្កត់ធ្ងន់ថាប្រសិនបើមិនមានការឯកភាពគ្នាទេ នោះប៉ាទ្រីយ៉ូត ដែលជា ប្រព័ន្ធមីស៊ីលការពារដែនអាកាសផលិតដោយក្រុមហ៊ុនអាមេរិក Raytheon គួរតែដំឡើងនៅលើទឹកដីប៉ូឡូញ ចុះ៕