(វ៉ាស៊ីនតោន)៖ យោធាអាមេរិក បានរាយការណ៍ថាមូលដ្ឋានល្បាតរបស់ខ្លួន ក្នុងតំបន់ភាគឦសាននៃប្រទេសស៉ីរី បានរងការវាយប្រហារដោយរ៉ុក្កែត ២គ្រាប់ ប៉ុន្តែមិនមានកងកម្លាំងណាម្នាក់រងរបួសនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ទីបញ្ជាការកណ្ដាលអាមេរិក (CENTCOM) ដែលទទួលបន្ទុកខាងប្រតិបត្តិការនៅក្នុងតំបន់មជ្ឈិមបូព៌ា បានបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់រ៉ុក្កែតខាងលើ មានគោលដៅលើកងកម្លាំងនៃក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅឯមូលដ្ឋានល្បាត អាល់ សាដដាឌី (al-Shaddadi) ក្នុងប្រទេសស៉ីរី កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។

បើតាម CENTCOM ការវាយប្រហារនេះមិនបានបណ្ដាលឱ្យកងកម្លាំងណាម្នាក់រងរបួស ឬបង្កការខូចខាតធ្ងន់ធ្ងរឡើយ ហើយក៏មិនទាន់មានក្រុមណាមួយ ចេញមុខអះអាងទទួលខុសត្រូវនោះដែរ។ ការវាយប្រហារនេះកើតមានឡើងចំពេលភាពតានតឹងបានកើនឡើងជាថ្មីនៅតាមតំបន់ព្រំដែនរវាងតួកគី និងស៊ីរី បន្ទាប់ពីទីក្រុងអង់ការ៉ា បើកការវាយប្រហារតាមផ្លូវអាកាសលើក្រុមអ្នកប្រយុទ្ធឃើដ PKK និង YPG ទាំងនៅក្នុងប្រទេសស៊ីរី និងអ៉ីរ៉ាក់ ដែលខ្លួនចោទថា ជាអ្នក នៅពីក្រោយការបំផ្ទុះគ្រាប់បែក ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល កាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ ដោយផ្ដាច់ជីវិតមនុស្ស៦នាក់ បើទោះជា PKK និង YPG បដិសេធការចោទប្រកាន់ក៏ដោយ៕