(វ៉ាស៊ីនតោន)៖ ចាប់តាំងពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២មក លោកខាងលិចមិនត្រឹមតែបញ្ជូនជំនួយជិត ១០០ពាន់លានដុល្លារឱ្យ អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែក៏បានដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុធ្ងន់ធ្ងរមិនធ្លាប់មានប្រឆាំងនឹងទីក្រុងមូស្គូផងដែរ។ ប៉ុន្តែ ខណៈបណ្ដាប្រទេសអឺរ៉ុបកំពុងប្រឈមមុខ នឹងវិបត្តិថាមពលក្នុង «​រដូវរងានេះ» ហើយសមាជិកសភាមួយចំនួននៅក្នុងសហរដ្ឋអាមេរិក គំរាមកាត់បន្ថយការគាំទ្រចំពោះអ៊ុយក្រែនផងនោះ វាបាន និងកំពុងបង្កឱ្យ មានការព្រួយបារម្ភកាន់តែខ្លាំងថាលោកខាងលិចអាចនឹងចុះចាញ់ ឬហត់នឿយអស់ខ្យល់នឹងសង្រ្គាមសព្វថ្ងៃ។ ដូច្នេះថាតើការប្ដេជ្ញាចិត្តរបស់លោកខាងលិច ពិតជា ចុះខ្សោយ ឬកកនៅក្នុងរដូវងានេះដែរឬក៏យ៉ាងណា? ហើយប្រសិនបើរឿងបែបនេះកើតឡើងមែន តើវាមានន័យដូចម្ដេចសម្រាប់លោកខាងលិច?

ជាការពិតណាស់ ការខ្វែងគំនិតគ្នាលើសង្រ្គាមអ៊ុយក្រែនរវាងបណ្ដាប្រទេសក្នុងតំបន់អឺរ៉ុបកណ្ដាល និងអឺរ៉ុបខាងកើត ជាមួយប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបខាងលិច នៅតែមានឡើយ ដោយក្រុមអ្នកជំនាញបានបែងចែកប្រទេសទំាងនេះជា ២ក្រុមគឺ ក្រុមប្រទេសគាំទ្រយុត្តិធម៌ មានដូចជាប៉ូឡូញ និងបណ្ដារដ្ឋក្នុងតំបន់បាល់ទិក ដឹកនាំ ដោយចក្រភពអង់គ្លេស ដែលយល់ថារុស្ស៉ីត្រូវតែជួសជុលការខូចខាតឡើងវិញចំពោះសង្រ្គាមឈ្លានពានរបស់ខ្លួន និងក្រុមប្រទេសគាំទ្រសន្តិភាពដែលចង់បញ្ឈប់ សង្រ្គាម និងចង់ឱ្យមានការចាប់ផ្ដើមកិច្ចចរចាសន្តិភាពឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន។ នៅអឺរ៉ុប ក្នុងចំណោមក្រុមប្រទេសគាំទ្រសន្តិភាព ក៏មិនមាន ការឯកភាពគ្នាទាំងស្រុងនោះដែរ។ ជាឧទារហរណ៍ អាល្លឺម៉ង់អំពាវនាវឱ្យមានបទឈប់បាញ់ រីឯអ៉ីតាលីទាមទារឱ្យមានដំណោះស្រាយនយោបាយ ខណៈបារាំងចង់ឱ្យ មានកិច្ចព្រមព្រៀងសន្តិភាពមួយដែលមិនធ្វើឱ្យរុស្ស៉ីអាម៉ាស់មុខ។

មកទល់នឹងពេលនេះ រឿងដែលសំខាន់បំផុត នោះគឺសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស អាចរក្សាសម្ព័ន្ធភាពលោកខាងលិចឱ្យបន្តរួមគ្នាជាធ្លុងមួយបានដែរ ឬទេ? បន្ទាប់ពីប្រទេសទាំង២ ធ្លាប់បានបង្ហាញក្ដីព្រួយបារម្ភថាប្រសិនបើប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បដិសេធពិចារណាលើកិច្ចចរចាសន្តិភាពជាមួយ រុស្ស៉ី នោះភាពហត់នឿយរបស់លោកខាងលិចចំពោះសង្រ្គាមអ៊ុយក្រែនអាចនឹងមានសភាពកាន់តែធ្ងន់ធ្ងរ។ ពិតមែនទៅ ការបារម្ភពីការប្ដេជ្ញាចិត្តរបស់លោកខាងលិច មួយរយៈពេលចុងក្រោយនេះមិនមែនចេញពីតំបន់អឺរ៉ុបនោះទេ តែគឺចេញពីសហរដ្ឋអាមេរិកតែម្ដង ជាពិសេសក្រោយគណបក្សសាធារណរដ្ឋ បានដណ្ដើមគ្រប់គ្រង សភាតំណាងរាស្ត្រពីគណបក្សប្រជាធិបតេយ្យរបស់លោក ចូ បៃដិន មកវិញ។ អនាគតប្រធានសភាតំណាងរាស្ត្រ លោក ខេវិន ម៉ាកខាធី (Kevin McCarthy) បានព្រមានត្រង់ៗថាប្រជាជនអាមេរិកមិនអាចបន្តរងគ្រោះដោយសារអតិផរណាតទៅទៀតនោះទេ ហើយសភាតំណាងរាស្ត្រគ្រប់គ្រងដោយបក្សសាធារណរដ្ឋក៏មិនចង់ បន្តបញ្ជូនជំនួយឱ្យអ៊ុយក្រែនទៀតនោះដែរ។

លើសពីនេះទៅទៀត នាយសេនាធិការចម្រុះកងទ័ពអាមេរិក លោក Mark Milley ក៏បានផ្ដល់យោបល់ដែរថាអ៊ុយក្រែនបានទទួលជ័យជម្នះយ៉ាងច្រើនតាមដែលខ្លួន រំពឹងចង់បាននៅលើសមរភូមិ ដូច្នេះសព្វថ្ងៃទីក្រុងកៀវ គួរតែពង្រឹងជោគជ័យរបស់ខ្លួននៅឯតុចរចា។ គំនិតបែបនេះក៏ទទួលបានការឯកភាពពីមន្ត្រីទូតណាតូ (NATO) និងពីទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែក ស៊ូលីវ៉ាន់ (Jake Sullivan) នៅក្នុងជំនួបជាមួយលោក ហ្សេលេនស្គី កាលពីពេលថ្មីៗនេះ។

តែទោះជាបែបនេះក្ដី ទាំងសហរដ្ឋអាមេរិក និង NATO សុទ្ធតែបញ្ជាក់ម្ដងហើយម្ដងទៀត ថាតើពួកគេនឹងមិនបង្ខំឱ្យអ៊ុយក្រែនធ្វើនេះធ្វើនោះនៅឯតុចរចានោះទេ ដោយ ទុកឱ្យទីក្រុងកៀវសម្រេចចិត្តដោយខ្លួនឯង ហើយអះអាងថាពួកគេនឹងបន្តផ្ដល់ជំនួយ និងការគាំទ្រ ដរាបណាអ៊ុយក្រែននៅតែត្រូវការ។ បើតាមក្រុមអ្នកជំនាញ លោកខាងលិចភាគច្រើន មិនថានៅក្នុងរដូវរងា ឬឆ្លងផុតរដូវរងានោះទេ ក៏លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេរិក មិនអាចចុះចាញ់រុស្ស៉ី ឬលែងដៃអ៊ុយក្រែន ក្រោមហេតុផលសំខាន់ៗ៣យ៉ាង៖

ម្យ៉ាង ចាប់តាំងពីសង្រ្គាមផ្ទុះឡើងមក លោក ពូទីន បានប្រកាសក្ដែងៗថាសង្រ្គាមនៅអ៊ុយក្រែន គឺជា «សង្រ្គាមប្រូកស៊ី» រវាងរុស្ស៉ី និងលោកខាងលិច ដែលនេះមាន ន័យថាបរាជ័យ ឬក៏ភាពអាម៉ាស់ណាមួយសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងការដាក់សម្ពាធ ឬការបង្ខិតបង្ខំពីសម្ព័ន្ធមិត្តឱ្យអ៊ុយក្រែនទទួលយកកិច្ចព្រមព្រៀង សន្តិភាព ឬក៏បទឈប់បាញ់ដ៏អាម៉ាស់ នោះវានឹងក្លាយជាបរាជ័យ និងរឿងដ៏អាម៉ាស់សម្រាប់លោកខាងលិចទាំងមូល។ ដ្បិតអាចមានន័យស្មើថាមហាអំណាច ប្រជាធិបតេយ្យទាំងអស់ត្រូវចុះចាញ់បក្សសម្ព័ន្ធរុស្ស៉ី អ៉ីរ៉ង់ និងស៊ីរី ដែលលោកខាងលិចតែងតែចាត់ទុកថាជា «ប្រទេសផ្ដាច់ការ» ព្រមទាំងបង្កផលប៉ះពាល់ស្ទើគ្រប់យ៉ាង រាប់ចាប់ពីសម្ព័ន្ធភាពអាត្លង់ទិក រហូតដល់សន្តិសុខនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

ទី២៖ ចុះចាញ់រុស្ស៉ី អាចនឹងបំផ្លាញសន្តិសុខ និងទំនុកចិត្តពីបណ្ដាប្រទេសជាសមាជិកណាតូ (NATO ) តួយ៉ាងប្រទេសក្នុងតំបន់អឺរ៉ុបខាងកើតតែម្ដង។ ពោលគឺបើថ្ងៃនេះ រុស្ស៉ីឈ្នះនៅអ៊ុយក្រែន ច្បាស់ណាស់លោក ពូទីន នឹងមិនបញ្ឈប់នៅត្រឹមអ៊ុយក្រែននោះទេ ហើយអាចនឹងព្យាយាមបំផ្លាញណាតូ តាមរយៈតាក់តិចសង្រ្គាមកូនកាត់ ឬ hybrid warfare ក៏ដូចជានឹងបង្កើនការពង្រីកដែនឥទ្ធិពល ឬទឹកដីបន្ថែម ដើម្បីបង្វែរការចាប់អារម្មណ៍របស់ប្រជាជនរុស្ស៉ី ពីបញ្ហាធ្លាក់ចុះសុខមាភាពសេដ្ឋកិច្ចរបស់ ពួកគេ។

ហេតុផលចុងក្រោយ៖ នោះគឺបរាជ័យដ៏អាម៉ាស់ណាមួយរបស់អ៊ុយក្រែន អាចនឹងបំផ្លាញសណ្ដាប់ធ្នាប់អន្តរជាតិដឹកនាំដោយលោកខាងលិច ចាប់តាំងពី សង្រ្គាមលោកលើកទី២ បិទបញ្ចប់មក។ ​ពីព្រោះថាប្រសិនបើរុស្ស៉ីអាចប្រើកម្លាំងយោធាឈ្លានពានអ៊ុយក្រែនបានដោយជោគជ័យ ថាតើហេតុអ្វីប្រទេសផ្សេងមិនអាចធ្វើដូចរុស្ស៉ីបាន ដើម្បីសម្រេចយុទ្ធសាស្ត្រ និងគោលដៅរបស់ពួកគេ។ ក្នុងន័យនេះ ជ័យជម្នះរបស់រុស្ស៉ីនៅអ៊ុយក្រែន អាចនឹងពង្រឹងមហិច្ឆតាក្រសោបយកតៃវ៉ាន់របស់ចិន ហើយ មិនតែប៉ុណ្ណោះ សម្ព័ន្ធមិត្តក្នុងតំបន់អាស៊ីអាចនឹងចោទសួរថា បើសហរដ្ឋអាមេរិក និងអឺរ៉ុបមិនអាចជួយឱ្យអ៊ុយក្រែនបានផង តើពួកគេអាចជួយតៃវ៉ាន់ និងសម្ព័ន្ធមិត្ត របស់ខ្លួនក្នុងការប្រឈមមុខជាមួយចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក បានយ៉ាងមេចនឹងកើតទៅ? ម្លោះហើយនេះអាចឱ្យគេយល់ បានថាហេតុអ្វីបានជាសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន ខំប្រឹងប្រែង និងបន្តជួយអ៊ុយក្រែន បើទោះជាដឹងថាអាចនឹងប្រថុយផ្ទុះសង្រ្គាមលោក ឬសង្រ្គាមនុយក្លេអ៊ែរជាមួយរុស្ស៉ីក៏ដោយ៕