(មូស្គូ)៖ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងមូស្គូបានប្រកាសឱ្យដឹងថា ខ្លួនបានចេញលិខិតឆ្លងដែនសរុបលើស ៨០,០០០ច្បាប់ ឱ្យទៅប្រជាជននៅតំបន់ចំនួន៤ ក្នុងប្រទេសអ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាត់យកតំបន់ទាំងនេះ បញ្ចូលទៅក្នុងឧបសម្ពន្ធរបស់ប្រទេសលោក កាលពីខែតុលា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

មន្រ្តីអន្តោប្រវេសន៍មួយរូបនៅក្រសួងមហាផ្ទៃរុស្ស៉ី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសរុស្ស៉ី ដកស្រង់សម្តីយ៉ាងដូច្នេះថា «ចាប់តាំងពីការកាត់បញ្ចូលតំបន់ទាំង៤ ជាផ្នែកនៃសហព័ន្ធរុស្ស៉ីនិងស្របទៅតាមច្បាប់ មនុស្សចំនួនជាង ៨០,០០០នាក់ហើយនៅទីនោះ ដែលទទួលបានលិខិតឆ្លងដែន ក្នុងនាមជាពលរដ្ឋរបស់រុស្ស៉ី»

កាលពីខែកញ្ញា រុស្ស៉ីបានរៀបចំនូវអ្វីដែលខ្លួនហៅថា «ការបោះឆ្នោតប្រជាមតិ» នៅតំបន់ចំនួន៤របស់អ៊ុយក្រែន ដែលខ្លួនកាន់កាប់ រួមមានដូណេត (Donetsk), លូហាន (Lugansk), ហ្សាប៉ូរិចហ្ស៉ីយ៉ា (Zaporizhzhia) និងខឺសុន (Kherson) ហើយបានប្រកាសថា ប្រជាជននៅតំបន់ទាំងនោះ បានបោះឆ្នោតគាំទ្រដើម្បីចូលជាឧបសម្ពន្ធរបស់រុស្ស៉ី។ អង្គការសហប្រជាជាតិ បានថ្កោលទោសទង្វើ​របស់រុស្ស៉ី ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ការប្រកាសកែប្រែព្រំប្រទល់របស់រុស្ស៉ីឱ្យសោះ។

លោក ពូទីន បានកាត់យកតំបន់ខាងលើជាផ្លូវការ ក្នុងពិធីមួយដែលរៀបចំឡើងនៅវិមានក្រឹមឡាំង កាលពីដើមខែតុលា ទោះបីជាកងកម្លាំងរបស់លោក មិនមានការគ្រប់គ្រងតំបន់ទាំងស្រុង លើតំបន់ទាំង៤ក៏ដោយ ខណៈចាប់តាំងពីពេលនោះមក រុស្ស៉ីក៏បានបាត់បង់ទឹកដីជាបន្តបន្ទាប់ ដែលខ្លួនធ្លាប់កាន់កាប់នៅអ៊ុយក្រែនផងដែរ។ តួយ៉ាងក្នុងខែវិច្ឆិកានេះ ទីក្រុងមូស្គូបានសម្រេចដកកងកម្លាំងចេញពី ទីក្រុងខឺសុននៃតំបន់ខឺសុន ខណៈវាគឺជារដ្ឋធានីប្រចាំតំបន់តែមួយគត់ ដែលរុស្ស៉ីដណ្តើមយកបាន ចាប់តាំងពីការបើក​ការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈមក៕