(វ៉ាសូវី)៖ រដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក ម៉ារីអ៊ូស ប្លាសហ្សាក់ (Mariusz Blaszczak) បាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា លោកបានស្នើឱ្យអាល្លឺម៉ង់បញ្ជូនប្រព័ន្ធការពារដែនអាកាស ប៉ាទ្រីយ៉ូត (Patriot) ដែលទីក្រុងបែរឡាំងចង់ផ្តល់ឱ្យទីក្រុងវ៉ាសូវីនោះ ទៅកាន់អ៊ុយក្រែនវិញចុះទើបប្រសើរជាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រមុខការពារជាតិប៉ូឡូញរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ក្រោយការវាយប្រហារមីស៉ីលជាបន្តបន្ទាប់ទៀតពីសំណាក់រុស្ស៉ី ខ្ញុំបានស្នើអាល្លឺម៉ង់ឱ្យចាត់ចែងប្រព័ន្ធមីស៉ីលការពារដែនអាកាស Patriot ដែលចង់ផ្តល់ឱ្យមកប៉ូឡូញនោះ ផ្ទេរទៅកាន់អ៊ុយក្រែន ហើយដាក់ពង្រាយនៅព្រំប្រទល់ភាគខាងកើតខាងលិច របស់ប្រទេសអ៊ុយក្រែនវិញ។ ប្រការនេះនឹងការពារអ៊ុយក្រែនមិនឱ្យមាន​ប្រជាជនស្លាប់ឬដាច់ចរន្តអគ្គិសនីតទៅទៀត ហើយទន្ទឹមគ្នាក៏នឹងជួយពង្រឹងសន្តិសុខ នៅព្រំប្រទល់ភាគខាងកើតរបស់យើង ផងដែរ»

ដោយឡែក កាលពីថ្ងៃចន្ទសប្តាហ៍នេះ ទីក្រុងវ៉ាសូវីបាននិយាយថា ខ្លួននឹងស្នើដាក់ពង្រាយប្រព័ន្ធ Patriot នៅក្បែរព្រំប្រទល់ជាប់ អ៊ុយក្រែន បន្ទាប់ពីមានសំណើផ្តល់ឱ្យពីសំណាក់អាល្លឺម៉ង់។ ទីក្រុងបែរឡាំង បានស្នើផ្តល់ប្រព័ន្ធការពារដែនអាកាសនេះ ឱ្យដល់​ទីក្រុងវ៉ាសូវី ក្រោមគោលបំណងជួយ រក្សាសន្តិសុខដែនអាកាសរបស់ប៉ូឡូញ បន្ទាប់ពីមីស៉ីល១គ្រាប់ បានធ្លាក់នៅភាគខាងកើត​ប្រទេសប៉ូឡូញ ហើយផ្តាច់ជីវិតមនុស្ស២នាក់ កាលពីសប្តាហ៍កន្លងទៅ។

គួរបញ្ជាក់ថា បើតាមលោក ចេន ស្តូលថិនបឺហ្គ (Jens Stoltenberg) ដែលជាប្រមុខអង្គការណាតូ (NATO) មីស៉ីលដែលធ្លាក់ទៅចំក្នុងទឹកដីប៉ូឡូញនោះ គឺទំនងជាមីស៉ីលដែលបាញ់រាលដាល មកពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន កំលុងការបាញ់ទប់​ទល់នឹងវាយប្រហារមីស៉ីលរបស់រុស្ស៉ី មិនមែនមីស៉ីលដែលបាញ់ដោយកងកម្លាំងរុស្ស៉ីផ្ទាល់ទេ៕