(គូឡាឡាំពួ)៖ បន្ទាប់ពីត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ នាល្ងាចថ្ងៃព្រហស្បតិ៍នេះ លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) បានស្បថចូលកាន់តំណែងផ្លូវការ ជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេសម៉ាឡេស៉ី ដើម្បីបិទបញ្ចប់ស្ថានភាពជាប់គាំង អស់រយៈពេល៥ថ្ងៃ ក្រោយការបោះឆ្នោតសកល ដែលចេញលទ្ធផលមិនដាច់ស្រេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

នៅថ្ងៃព្រហស្បតិ៍នេះ មហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានសម្រេចព្រះទ័យជ្រើសរើស លោក អាន់វ៉ា ឱ្យកាន់តំណែងនាយករដ្ឋមន្រ្តី បន្ទាប់ទ្រង់បានជួបជាមួយសមាជិកសភាមួយចំនួន ព្រមទាំងបានកោះប្រជុំក្រុមប្រឹក្សាព្រះចៅស៊ូលតង់ម៉ាឡេស៉ី លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី។

ក្នុងការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) របស់លោក អាន់វ៉ា ឈ្នះបានអាសនៈច្រើនជាងគេ គឺ៨២អាសនៈ ខណៈក្រុមគណបក្សចម្រុះធំមួយ​ទៀតគឺ ប៉ឺរីកាតាន់ ណាសិនណាល់ (Perikatan Nasional ឬ PN) របស់អតីតនាយករដ្ឋមន្រ្តី មូយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) បាន៧៣អាសនៈ ប៉ុន្តែសុទ្ធតែមិនគ្រប់១១២អាសនៈ ឬស្មើនឹង៥០ភាគរយ ដែលចាំបាច់សម្រាប់ការបង្កើតរដ្ឋាភិបាលឡើយ។

គួរបញ្ជាក់ថា យ៉ាងណាក្តី ការក្លាយជានាយករដ្ឋមន្រ្តីនេះ ធ្វើឱ្យលោក អាន់វ៉ា សម្រេចគោលដៅរបស់ខ្លួន បន្ទាប់ពីចាប់ផ្តើមធ្វើនយោបាយ អស់រយៈពេលប្រមាណជា ៣ទសវត្សរ៍មកហើយ គឺចាប់តាំងពីលោកនៅជាកូនសិស្សរបស់ អ្នកនយោបាយជើងចាស់ លោក មហាធៀរ មហាម៉ាត់ រហូតដល់ក្លាយជាមេដឹកនាំចលនាបាតុកម្ម, ជាអ្នកទោស, ជាមេបក្សប្រឆាំង និងចុងក្រោយនេះ ជានាយករដ្ឋមន្រ្តី៕