(អ៉ីស្លាម៉ាបាដ)៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសតែងតាំង ឧត្តមសេនីយឯក អាស៉ីម មូនៀ (Asim Munir) ជាមេបញ្ជាការកងទ័ពជើងគោកថ្មី ដែលជាស្ថាប័នដើរតួនាទីដ៏មានឥទ្ធិពល នៅក្នុងអភិបាលកិច្ចនៃប្រទេសប្រដាប់ដោយ​ អាវុធនុយក្លេអ៊ែរមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិប៉ាគីស្ថាន បានឲ្យដឹងថា លោក ម៊ូនៀ ដែលធ្លាប់ជាប្រមុខទីភ្នាក់ងារចារកម្ម នឹងចូលកាន់តំណែងបន្តពី លោកឧត្តមសេនីយ កាម៉ា ចាវីដបាចវ៉ា (Qamar Javed Bajwa) ដែលត្រូវចូលនិវត្តន៍នៅចុងខែវិច្ឆកានេះ បន្ទាប់ពីអាណត្តិ ៦ឆ្នាំ។ ការតែងតាំងរូបលោកនាពេលនេះ គឺចំពេលដែលមានជម្លោះរវាងយោធា និងអតីតនាយករដ្ឋមន្ត្រី លោក អ៉ីមរ៉ំា ខាន់ (Imran Khan) ដែលបានស្តីបន្ទោសកងទ័ពថា បានដើរតួក្នុងការបណ្តេញលោក ចេញពីតំណែងកាលពីដើមឆ្នាំ២០២២។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក ខាវ៉ាចា អាស៉ីហ្វ (Khawaja Asif) បានប្រាប់អ្នកសារព័ត៌មាន យ៉ាងដូច្នេះថា «ការតែតាំង លោក មូនៀ ជាមេបញ្ជាការកងទ័ពជើងគោកថ្មីនេះ គឺផ្អែកលើគុណសម្បត្តិ ច្បាប់ និងតាមរដ្ឋធម្មនុញ្ញរបស់ប្រទេស»

គួរបញ្ជាក់ថា កងទ័ពជើងគោកប៉ាគីស្ថាន បានដើរតួនាទីសំខាន់ជាប្រវត្តិសាស្ត្រ ទាំងក្នុងនយោបាយក្នុងស្រុក និងក្រៅស្រុក ហើយការតែងតាំងលោក មូនៀ អាចជះឥទ្ធិពលដល់លទ្ធិប្រជាធិបតេយ្យដ៏ផុយស្រួយរបស់ប៉ាគីស្ថាន ព្រមទាំងដល់ទំនាក់ទំនងរបស់ខ្លួន ជាមួយប្រទេសជិតខាង ដូចជាឥណ្ឌា និងអាហ្វហ្កានីស្ថាន ដែលគ្រប់គ្រងដោយក្រុមតាលីបង់ ក៏ដូចជាគោលជំហរចំពោះប្រទេសចិន និងសហរដ្ឋអាមេរិក៕