(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk yeol) នៅថ្ងៃព្រហស្បតិ៍នេះបានសន្យាថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការនាំចេញសព្វាវុធ និងធានាបាននូវបច្ចេកវិទ្យាការពារជាតិដ៏ទំនើប ខណៈដែលលោកមានបំណងចង់ កសាងឧស្សាហកម្មអាវុធកូរ៉េខាងត្បូង ឲ្យទៅជាប្រទេសនាំចេញអាវុធធំជាងគេទី៤ របស់ពិភពលោក។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក យូន បានរៀបចំកិច្ចប្រជុំស្តីពីការលើកកម្ពស់ ការនាំចេញផ្នែកការពារជាតិជាលើកដំបូង ចាប់តាំងពីឡើងកាន់តំណែងក្នុងខែឧសភាមក ដើម្បីរិះរកវិធីសាស្រ្តក្នុងការប្រែក្លាយ ឧស្សាហកម្មផ្គត់ផ្គង់អាវុធក្នុងស្រុក ទៅជាការនាំចេញ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅឯក្រុមហ៊ុន Korea Aerospace Industries Ltd ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍យន្តហោះចម្បាំងតែមួយគត់ របស់កូរ៉េខាងត្បូង មានទីតាំងនៅទីក្រុងសាឈុន (Sacheon) ភាគអាគ្នេយ៍ប្រទេស។

លោក យូន បានគូសបញ្ជាក់ថា «ឧស្សាហកម្មការពារជាតិនឹងរីកចម្រើននាពេលអនាគត ហើយជាស្នូលនៃឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ ជាមួយនិងការប្រកួតប្រជែងកាន់តែខ្លាំងឡើង នៃឧត្តមភាពខាងបច្ចេកវិទ្យា យើងត្រូវធានាឲ្យបាននូវសមត្ថភាពផ្នែកបច្ចេកវិទ្យានេះ ដើម្បីអភិវឌ្ឍប្រព័ន្ធអាវុធដ៏មានឥទ្ធិពលសម្រាប់ការធ្វើសង្គ្រាម ដែលអាចកើតមាននាពេលអនាគត»

គួរបញ្ជាក់ថា ថ្មីៗនេះកូរ៉េខាងត្បូងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងអាវុធដ៏ធំបំផុតមិនធ្លាប់មានជាមួយប្រទេសប៉ូឡូញ ដែលមានតម្លៃប៉ាន់ស្មានចំនួនរហូតដល់ ២០ពាន់ពាន់លានវ៉ុន ឬ១៥ពាន់លានដុល្លារ ដែលរួមបញ្ចូលនូវការនាំចេញរថក្រោះ និងកាំភ្លើងធំហោវីតសឺ (howitzer)៕