(ការ៉ាកាស)៖ រដ្ឋាភិបាលវេណេស៊ុយអេឡា របស់ប្រធានាធិបតីលោក នីកូឡាស់ ម៉ាឌូរ៉ូ (Nicolas Maduro) នឹងបន្តកិច្ចពិភាក្សាជាថ្មីឡើងវិញ ជាមួយក្រុមប្រឆាំងនៅថ្ងៃសុក្រសប្តាហ៍នេះ បន្ទាប់ពីផ្អាកអស់រយៈពេល១ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

សេចក្តីប្រកាសពីដំណឹងនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃពុធ ដោយប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ផេត្រូ (Gustavo Petro) ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រេចបាននូវការវិវត្តខាងលើ។ លោក ផេត្រូ បាននិយាយដូច្នេះថា «នៅថ្ងៃទី២៥ និងទី២៦ ខែវិច្ឆិកា កិច្ចពិភាក្សារវាងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ហើយនិងក្រុមប្រឆាំងរបស់វេណេស៊ុយអេឡា នឹងបន្តសាឡើងវិញ»

ទោះខ្លឹមសារលម្អិតនៃកិច្ចសន្ទនា នៅមិនទាន់បញ្ជាក់ច្បាស់ក៏ដោយ លោក ផេត្រូ បានបង្ហើបកាលពីប៉ុន្មានថ្ងៃមុនថា វានឹងរួមមាន ជោគវាសនានៃអ្នកទោសនយោបាយ និងការដាក់ទណ្ឌកម្មរបស់អាមេរិក សម្រាប់គោលបំណងមនុស្សធម៌ជាដើម។ កន្លងមកនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានធ្លាប់បញ្ជូនក្រុមមន្រ្តី ទៅកាន់រដ្ឋធានីការ៉ាកាស ដើម្បីជជែកពីការបន្ធូរបន្ថយ ទណ្ឌកម្មរបស់ទីក្រុងវ៉ាស៉ីនតោនផងដែរ ប៉ុន្តែអាមេរិកបាននិយាយថា វាអាចកើតឡើងទៅបាន លុះត្រាដែលភាគីទាំងពីរទទួលបាន វឌ្ឍនភាពក្នុងកិច្ចពិភាក្សានយោបាយ។

ការបន្តកិច្ចសន្ទនាឡើងវិញខាងលើ នឹងប្រព្រឹត្តទៅនៅម៉ិកស៉ិក ក្រោមការសម្របសម្រួលរបស់ន័រវែស ហើយត្រូវគេរំពឹងថាក៏នឹង មានការជជែកអំពីការបោះឆ្នោតជ្រើសរើស ប្រធានាធិបតីវេណេស៊ុយអេឡាឆ្នាំ២០២៤ ដែលក្រុមប្រឆាំងអះអាងថាខ្លួនមិនទុកចិត្ត ផងដែរ ដ្បិតលោក ម៉ាឌូរ៉ូ បានប្រកាសរួចស្រេចហើយថា រូបលោកគ្រោងនៅបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣០ឯណោះ។

គួរបញ្ជាក់ថា លោក ម៉ាឌូរ៉ូ បានឡើងកាន់អំណាចកាលពីឆ្នាំ២០១៣ បន្ទាប់ពីមរណភាពរបស់អតីតប្រធានាធិបតី លោក ហ៊ូហ្កោ ឆាវេស (Hugo Chavez) ដោយលោក ម៉ាឌូរ៉ូ ធ្លាប់កាន់តំណែងជាអនុប្រធានាធិបតីរបស់លោក ឆាវេស។ លោក ម៉ាឌូរ៉ូ ក៏បានក្លាយ​ជាបេក្ខជនប្រធានាធិបតីម្តងទៀត នៅឆ្នាំ២០១៨ ក្នុងការបោះឆ្នោតដែលក្រុមប្រឆាំងក៏ដូចជាសហរដ្ឋអាមេរិក ហៅថាការបោះឆ្នោត​ក្លែងក្លាយ ដោយសារតែភាពមិនប្រក្រតីមួយចំនួន ហើយលោក ម៉ាឌូរ៉ូ បានទទួលជ័យជម្នះម្តងទៀត៕