(គូឡាឡាំពួ)៖ ទីបំផុតនៅថ្ងៃព្រហស្បតិ៍នេះ ព្រះមហាក្សត្រម៉ាឡេស៉ី បានសម្រេចជ្រើសរើស លោក អាន់វ៉ា អ៉ីប្រាហ៉ីម (Anwar Ibrahim) ឱ្យធ្វើជានាយករដ្ឋមន្រ្តីដើម្បីបង្កើតរដ្ឋាភិបាលថ្មីហើយ ក្រោយការជាប់គាំងអស់ប៉ុន្មានថ្ងៃ ក្រោយការបោះឆ្នោតសកល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០។

មហាក្សត្រម៉ាឡេស៉ី ព្រះចៅស៊ូលតង់ អាប់ឌូលឡោះ ស៊ូតង់ អាមេដ ស្សា (Abdullah Sultan Ahmad Shah) បានធ្វើការសម្រេចដូចខាងលើ បន្ទាប់ពីទ្រង់បានកោះប្រជុំក្រុមប្រឹក្សាពិសេសមួយ ដើម្បីទទួលយកការយល់ឃើញពីព្រះចៅស៊ូលតង់ដទៃទៀត លើបញ្ហានៃការបង្កើតរដ្ឋាភិបាលថ្មី។ បើតាមព្រះរាជបន្ទូលទ្រង់ ទ្រង់មានព្រះទ័យជឿជាក់ថា លោក អាន់វ៉ា ហើយនិងក្រុមគណបក្សចម្រុះ ប៉ាកាតាន់ ហារ៉ាប៉ាន់ (Pakatan Harapan ឬ PH) របស់លោក មានសំឡេងគាំទ្រគ្រប់គ្រាន់នៅក្នុងសភា សម្រាប់ឈានទៅបង្កើតរដ្ឋាភិបាល ដើម្បីដឹកនាំម៉ាឡេស៉ីក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ក្រោយការបោះឆ្នោតសកល កាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងទៅ ក្រុមចម្រុះ PH របស់លោក អាន់វ៉ា និងក្រុមគណបក្សចម្រុះធំមួយ​ទៀតគឺ ប៉ឺរីកាតាន់ ណាសិនណាល់ (Perikatan Nasional ឬ PN) របស់អតីតនាយករដ្ឋមន្រ្តី មូយីដឌីន យ៉ាស្ស៉ីន (Muhyiddin Yassin) ឈ្នះបានអាសនៈមិនគ្រប់ចំនួន ១១២អាសនៈតែម្តង ដែលចាំបាច់សម្រាប់ការបង្កើតរដ្ឋាភិបាលឡើយ។ ដោយឡែក ការប្រកាសជ្រើសរើសលោក អាន់វ៉ា ជានាយករដ្ឋមន្រ្តី ដោយមហាក្សត្រីម៉ាឡេស៉ីនេះ គឺកើតមានឡើងបន្ទាប់ពីក្រុមចម្រុះ PN បាននិយាយថា ខ្លួនបានយល់ព្រមពិចារណាលើសំណើ បង្កើតរដ្ឋាភិបាលរួបរួម ជាមួយក្រុមចម្រុះ PH។

គួរបញ្ជាក់ថា លោក អាន់វ៉ា អ៉ីប្រាហ៉ីម ដែលមានវ័យ៧៥ឆ្នាំ នឹងត្រូវស្បថចូលកាន់តំណែងជា នាយករដ្ឋមន្រ្តីទី១០ នៃសហព័ន្ធម៉ាឡេស៉ី នៅម៉ោង៥ល្ងាចនេះ (ម៉ោងក្នុងទីក្រុងគូឡាឡាំពួ) នៅឯព្រះរាជវាំង អ៉ីស្តាណា ណេហ្ការ៉ា (Istana Negara)៕