(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៉ីថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ក្រោយបាញ់ស្រោចមីស៊ីល ជាថ្មីលើហេដ្ឋារចនាសម្ព័ន្ធថាមពល ដោយបណ្ដាលឱ្យដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមវីដេអូ នៅថ្ងៃពុធសប្ដាហ៍នេះ លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរថាសកម្មភាពទម្រង់ជាភេរវកម្ម របស់រុស្ស៉ី បានបង្ខំឱ្យប្រជាជនអ៊ុយក្រែនរាប់លាននាក់ កំពុងរស់នៅដោយគ្មានថាមពលផ្គត់ផ្គង់ កម្ដៅ និងគ្មានទឹកប្រើប្រាស់គ្រប់គ្រាន់ នៅក្នុងសីតុណ្ហភាព ដ៏ត្រជាក់នៅក្រោមសូន្យអង្សាសេ ហើយដែលទង្វើទាំងនេះគឺជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរអ៊ុយក្រែន ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៉ីកាលពីថ្ងៃពុធ ក៏បានសម្លាប់មនុស្សយ៉ាងហោច ៧នាក់ផងដែរ ខណៈ៨០ភាគរយនៃប្រជាជនរស់នៅក្នុងទីក្រុងកៀវ គ្មានអគ្គិសនីប្រើប្រាស់ និងកំពុងខ្វះខាតទឹក៕