(ឡុងដ៍)៖ តុលាការកំពូលរបស់ចក្រភពអង់គ្លេស បានសម្រេចនាថ្ងៃពុធនេះថា ស្កុតឡេនមិនមានសិទ្ធិធ្វើប្រជាមតិថ្មី ស្តីពីឯករាជ្យភាពដោយគ្មានការយល់ព្រម ពីរដ្ឋាភិបាលអង់គ្លេសនោះទេ។ ការ​សម្រេច​នេះ​ជា​ការ​រារំាងចំពោះ​យុទ្ធនាការ​របស់​រដ្ឋាភិបាល​ស្កុតឡេន ​ដើម្បី​បំបែក​ខ្លួន​ចេញ​ពី​ចក្រភព​អង់គ្លេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

តុលាការ​កំពូល​បាន​សម្រេច​ថា សភា​ស្កុតឡេន «​មិន​មាន​អំណាច​ក្នុង​ការ​បង្កើត​ច្បាប់​ដើម្បី​ធ្វើ​ប្រជាមតិ​ស្ដីពី​ឯករាជ្យភាព​របស់​ស្កុតឡេន​ទេ»។

ប្រធាន​ចៅក្រម លោក Robert Reid បាន​និយាយ​ថា ចៅក្រម​ទាំង​ប្រាំ​នាក់​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ។

គួរបញ្ជាក់ថា រដ្ឋាភិបាលស្កុតឡេនពាក់កណ្តាលស្វយ័ត ចង់ធ្វើប្រជាមតិនៅខែតុលាខាងមុខជាមួយនឹងសំណួរថា «តើស្កុតឡេនគួរតែជាប្រទេសឯករាជ្យទេ?»។

រដ្ឋាភិបាលអភិរក្សនិយមរបស់ចក្រភពអង់គ្លេសនៅទីក្រុងឡុងដ៍ បដិសេធមិនអនុម័តការបោះឆ្នោតដោយនិយាយថា បញ្ហានេះត្រូវបានដោះស្រាយនៅក្នុងប្រជាមតិឆ្នាំ ២០១៤ ដែលឃើញអ្នកបោះឆ្នោតស្កុតឡេន បដិសេធឯករាជ្យដោយរឹមពី ៥៥ភាគរយទៅ ៤៥ភាគរយ៕