(តែលអាវីវ)៖ អគ្គសេនាធិការនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក អាវីវ កូឆាវី (Aviv Kochavi) បានអំពាវនាវឲ្យសហរដ្ឋអាមេរិកបង្កើត «ផែនការប្រតិបត្តិការ» ថ្មីមួយ ដើម្បីត្រួតពិនិត្យសកម្មភាពរបស់យោធាអ៉ីរ៉ង់ និងជំរុញដល់មន្រ្តីការពារជាតិ ក៏ដូចជាចារកម្មអាមេរិក «ពន្លឿន» កិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រឆាំងនឹងអ៉ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

កងកម្លាំងការពារជាតិអ៉ីស្រាអែល បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា លោក កូឆាវី បានជួបប្រជុំជាបន្តបន្ទាប់ជាមួយ ប្រធានអគ្គសេនាធិការយោធាចម្រុះអាមេរិក លោក ម៉ាក មីលលី (Mark Milley) ប្រមុខទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) និងប្រមុខ CIA លោក វីលៀម បឺនស៍ (William Burns) កាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយបានពិភាក្សាអំពី «ការគំរាមកំហែងរបស់អ៉ីរ៉ង់»

ក្នុងឱកាសនោះ លោក កូឆាវី បានគូសបញ្ជាក់ថា «យើងកំពុងស្ថិតនៅចំណុចសំខាន់មួយ ដែលទាមទារឲ្យមានការពន្លឿនផែនការប្រតិបត្តិការ និងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ រួមទាំងភាគីពាក់ព័ន្ធនៅក្នុងតំបន់។ ទោះជាអ៉ីរ៉ង់ស្ថិតក្រោមសម្ពាធសេដ្ឋកិច្ច យោធា និងបញ្ហាផ្ទៃក្នុងជាច្រើនទៀតក្តី ប៉ុន្តែទីក្រុងតេហេរ៉ង់នៅតែបន្តជំរុញគម្រោងនុយក្លេអ៊ែររបស់ខ្លួន»

គួរបញ្ជាក់ថា ក្រុមមន្រ្តីអ៉ីស្រាអែល បានអះអាងអស់ជាច្រើនទសវត្សរ៍មកហើយថា អ៉ីរ៉ង់ស្ថិតនៅលើចំណុចកំពូល នៃការអភិវឌ្ឍន៍គ្រាប់បែកបរមាណូផ្ទាល់ខ្លួន បើទោះបីជាសាធារណរដ្ឋអ៊ីស្លាមមួយនេះ បានបដិសេធជានិច្ច នូវគម្រោងបង្កើតអាវុធនុយក្លេអ៊ែរក៏ដោយ៕