(អ៉ីស្តង់ប៊ូល)៖ ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាល​ និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៥.៩រ៉ិចទ័រ បានអង្រួនភាគពាយព្យនៃប្រទេសតួកគី និងមានអារម្មណ៍ថារញ្ជួយដល់ទីក្រុងអ៉ីស្តង់ប៊ូល នៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យមនុស្សចំនួន ៥០នាក់ រងរបួស ខណៈសំណង់អគារមួយចំនួនក្នុងទីក្រុងឌូស (Duzce) រងការខូចខាត។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ចំណុចកណ្តាលនៃការរញ្ជួយបានកើតឡើងនៅទីប្រជុំជនហ្គោលីអាកា (Golyaka) ចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ពីភាគខាងកើតទីក្រុងអ៊ីស្តង់ប៊ូល ប៉ុន្តែមិនមានរបាយការណ៍អំពីការស្លាប់ ឬការបំផ្លិចបំផ្លាញធំធេងនោះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Anadolu ទីស្នាក់ការតុលាការប្រចាំទីក្រុង Duzce ក៏ស្ថិតក្នុងចំណោមអគារចំនួន៨ដែលរងការខូចខាតនៅតំបន់នេះ។

អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងគ្រាអាសន្នរបស់ប្រទេសតួកគី (AFAD) បានបញ្ជូនភួយនិងតង់រាប់ពាន់ ទៅកាន់តំបន់នៃការរញ្ជួយដីដែលបានធ្វើឲ្យមនុស្ស ៣៧នាក់ រងរបួសនៅក្នុងទីក្រុង Duzce ។ ហើយក៏មានអ្នករងរបួសនៅក្នុងទីក្រុងអ៉ីស្តង់ប៊ូល (Istanbul) ហ្សូហ្គោលដាក (Zonguldak) និងបួសា (Bursa) ផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៩ ការរញ្ជួយដីដ៏ខ្លាំងចំនួន២លើក បានសម្លាប់មនុស្សចំនួន១៨,០០០នាក់ នៅភាគពាយព្យនៃប្រទេសតួកគី។ ដោយឡែកក្នុងឆ្នាំ២០២០ មនុស្សជាង១០០នាក់ បានស្លាប់នៅក្នុងការរញ្ជួយដីនៅភាគខាងលិចនៃទីក្រុងអ៉ីមៀ (Izmir)៕