(ញូដេលី)៖ មេបញ្ជាការយោធាឥណ្ឌាក្នុងតំបន់ជម្លោះ បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ក្រុមសកម្មប្រយុទ្ធប្រមាណ៣០០នាក់ កំពុងធ្វើប្រតិបត្តិការនៅឯតំបន់កាស្មៀរ (Kashmir) ខណៈទីក្រុងញូវដេលី កំពុងស្វែងរកស្ថេរភាពលើទឹកដីនៃតំបន់ភ្នំហិម៉ាឡៃនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

តំបន់កាស្មៀរ ត្រូវបានទាមទារទាំងស្រុងដោយឥណ្ឌា និងគូប្រជែងគឺប៉ាគីស្ថាន ទោះបីជាប្រទេសជិតខាង ដែលប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរនេះ អាចគ្រប់គ្រងបានតែផ្នែកខ្លះក៏ដោយ។ ឧត្តមសេនីយ៍ឯក អ៊ូពិនដ្រា ឌីវីវេឌី (Upendra Dwivedi) ដែលជាប្រធានទីបញ្ជាការភាគខាងជើងនៃកងទ័ពឥណ្ឌា បានប្រាប់អ្នកយកព័ត៌មានថា «តាមទិន្នន័យរបស់យើង ក្នុងចំណោមក្រុមសកម្មប្រយុទ្ធទាំង៣០០នាក់នេះ គឺមានជនជាតិប៉ាគីស្ថាន ចំនួន៨២នាក់ និងភេរវករក្នុងស្រុក ចំនួន៥៣នាក់»

ប៉ុន្តែ ទីក្រុងអ៉ីស្លាម៉ាបាដ (Islamabad) នៃប្រទេសប៉ាគីស្ថាន បានបដិសេធការចោទប្រកាន់របស់ឥណ្ឌា ដោយនិយាយថា ខ្លួនផ្តល់ការគាំទ្រផ្នែកការទូតនិងកម្លាំងចិត្តដល់ចលនារបស់ក្រុមផ្តាច់ខ្លួនប៉ុណ្ណោះ។ មន្ត្រីសន្តិសុខប៉ាគីស្ថានម្នាក់ សុំមិនបញ្ចេញឈ្មោះ បាននិយាយថា «ការចោទប្រកាន់ទាំងអស់របស់មន្ត្រីយោធាឥណ្ឌា គឺគ្មានមូលដ្ឋានច្បាស់លាស់ គ្មានហេតុផល និងមិនសមរម្យ»

គួរបញ្ជាក់ថា ទីក្រុងញូដេលី បានចោទប្រកាន់ប៉ាគីស្ថានជាយូរមកហើយ ថាបានគាំទ្រក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ និងក្រុមបំបែកខ្លួនក្នុងតំបន់មួយចំនួនរបស់ឥណ្ឌា។ កាលពីឆ្នាំ២០១៩ រដ្ឋាភិបាលឥណ្ឌាបានបំបែករដ្ឋចាម៊ូនិងកាស្មៀរ (Jammu and Kashmir) ដែលជាកាលនោះជាតំបន់មានជនជាតិមូស្លីមភាគច្រើនតែមួយគត់របស់ប្រទេសឥណ្ឌា ទៅជាដែនដីចំនួនពីរ ក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលសហព័ន្ធ និងមានសន្តិសុខយ៉ាងតឹងរ៉ឹង៕