(ហ្សការតា)៖ អាជ្ញាធរឥណ្ឌូណេស៉ី បានឱ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនដល់ ២៦៨នាក់ហើយ និងរាប់រយនាក់ផ្សេងទៀតរងរបួស ក្រោយគ្រោះរញ្ជួយដីមួយ កម្រិត៥.៦រ៉ិចទ័រ បានអង្រួនកោះជ្វាខាងលិច (West Java) កាលពីរសៀលថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ លោក Suharyanto បានប្រាប់សន្និសីទសារព័ត៌មានថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៦៨នាក់ហើយ»

អ្នកនាំពាក្យរដ្ឋបាលក្រុងសៀនជួរ (Cianjur) ដែលស្ថិតនៅកោះជ្វាខាងលិច និងជាកន្លែងរងការ វាយប្រហារចំដោយគ្រោះរញ្ជួយដី បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា មនុស្សជាង១៣,០០០នាក់ ដែលផ្ទះរបស់ពួកគេរងការខូចខាតធ្ងន់ធ្ងរ ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅបណ្ដោះអាសន្ន ខណៈមនុស្សជាង៣២៦នាក់ បានរងរបួស។ ចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថាអាចនឹងបន្តកើនឡើង តែមិនទាន់មានការវាយតម្លៃថ្មីណាមួយនៅឡើយទេ រីឯប្រតិបត្តិការជួយសង្រ្គោះកំពុងបន្តធ្វើឡើង។

ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នាថ្ងៃអង្គារនេះ ចុះពិនិត្យទីតាំងរងគ្រោះរញ្ជួយដី និងបានប្រកាសថា ខាងរដ្ឋាភិបាលនឹងផ្តល់ ថវិកាឧបត្ថម្ភដល់ជនរងគ្រោះនិងក្រុមគ្រួសារពួកគេ។

លោក វីដូដូ ក៏បានចេញបញ្ជាផងដែរឱ្យ ក្រុមភ្នាក់ងារជួយសង្រ្គោះផ្តោតអាទិភាពជាចម្បង ទៅលើការខិតខំតាមស្វែងរកនិងសង្រ្គោះ អាយុជីវិតអ្នកដែលនៅជាប់ខ្លួន ក្រោមគំនរបាក់បែកនៃអគារ ជាពិសេសនៅតាមតំបន់ដែលត្រូវបានកាត់ផ្តាច់ ដោយបំណាក់ដី។ អភិបាលខេត្តជ្វាខាងលិចបានអះអាងថា ក្នុងចំណោមអ្នកស្លាប់ មានជាច្រើននាក់គឺជាកុមារ ហើយមនុស្សជាង៣០០រយនាក់បានរងរបួស។ បើតាមទីភ្នាក់ងារជាតិរុករកនិងជួយសង្រ្គោះរបស់ឥណ្ឌូណេស៉ី ប្រជាជនជាង១៣,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅបណ្តោះអាសន្ន។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីគឺជាប្រទេសមួយ ស្ថិតនៅតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ដែលងាយរងគ្រោះបាតុភូតរញ្ជួយដីនិងបន្ទុះភ្នំភ្លើងញឹកញាប់៕