(ប៉េកាំង)៖ មហាសន្និបាតភាគីហត្ថលេខីនៃ «អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិ ស្តីពីបម្រែបម្រួលអាកាសធាតុ» លើកទី២(COP27)បានបិទសម័យប្រជុំនៅទីក្រុង Sharm el Sheikh ប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី២០ ខែវិច្ឆិកា។

មហាសន្និបាតបានអនុម័តលើសេចក្តីសម្រេចចិត្តរាប់សិបច្បាប់ ក្នុងនោះសមិទ្ធផលដែលត្រូវគេយកចិត្តទុកដាក់បំផុត គឺការអនុញ្ញាតបង្កើតមូលនិធិស្តីពីការខូចខាត ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសទន់ខ្សោយ ដែលរងផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ។ នេះជាសមិទ្ធផលមួយដែលបានមកដោយមិនងាយទេ ប្រការនេះបានឆ្លើយតបនឹងសំណូមពរជាបន្ទាន់ របស់ប្រទេសកំពុងអភិវឌ្ឍន៍ ហើយក៏ជាការជំរុញយ៉ាងសកម្មចំពោះដំណើរទប់ទល់នឹង បម្រែបម្រួលអាកាសធាតុនៅទូទាំងពិភពលោកផងដែរ។

លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញផ្សាយសេចកី្តថ្លែងការណ៍លើកឡើងថា មហាសន្និបាតបានបោះជំហានដ៏សំខាន់មួយជំហាន ដើម្បីគាំពារភាពសច្ចយុត្តិធម៌។ ប្រព័ន្ធសារព័ត៌មាន CNN របស់អាមេរិកបានផ្សាយដំណឹង ដោយដកស្រង់តាមពាក្យសម្តី របស់អ្នកជំនាញអាកាសធាតុឱ្យដឹងថា ការទទួលបានសមិទ្ធផលនេះ គឺដោយមកពីប្រទេសកំពុងអភិវឌ្ឍន៍បានរក្សាសាមគ្គីភាព ពោលគឺបានបញ្ចេញកម្លាំងឥទ្ធិពលកាន់តែធំ ប្រើប្រៀបធៀបនឹងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។

ឆ្នាំនេះជាខួបឆ្នាំទី៣០នៃការចុះហត្ថលេខាលើ «អនុសញ្ញាក្របខណ្ឌអង្គការសហប្រជាជាតិស្តីពីបម្រែបម្រួលអាកាសធាតុ» ហើយក៏ជាឆ្នាំទីមួយបន្ទាប់ពីការឈានដល់ការងារលម្អិតនៃការអនុវត្ត «កិច្ចព្រមព្រៀងក្រុងប៉ារីស» ដែរ ប៉ុន្តែ មនុស្សជាតិបាននិងកំពុងប្រឈមមុខនឹងការសាកល្បងពី បម្រែបម្រួលអាកាសធាតុដែលមានភាពកាន់តែធ្ងន់ធ្ងរ។ តាមរបាយការណ៍ដែលអង្គការអាកាសធាតុពិភពលោក បានប្រកាសកាលពីខែឧសភាឆ្នាំនេះឱ្យដឹងថា នៅឆ្នាំ២០២១ សន្ទស្សន៍គន្លឹះនៃបម្រែបម្រួលអាកាសធាតុចំនួន៤ គឺ កំហាប់ឧស្ម័នផ្ទះកញ្ចក់ កម្រិតទឹកសមុទ្រកើនឡើង កំដៅសមុទ្រនិងភាពអាស៊ីតនៃសមុទ្រ សុទ្ធតែបានបំបែកកំណត់ត្រាថ្មី។

ក្នុងបរិបទបែបនេះ COP27 បានកំណត់ «ការអនុវត្តជាក់ស្តែង» ជាប្រធានបទ ពោលគឺបានគូសបញ្ជាក់ថា ភាគីនានាគួរតែចាត់ប្រតិបត្តិការ ជាពិសេសគឺ ប្រទេសអភិវឌ្ឍន៍ត្រូវបំពេញកិច្ចសន្យារបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ ក៏ត្រូវឃើញថា COP27 នៅមិនទាន់កំណត់ «ផែនទីផ្លូវ» អំពីការអនុវត្តជាក់ស្តែងរបស់មូលនិធិនេះនោះទេ ហើយអំពីបញ្ហាដូចជា តើប្រទេសណាត្រូវចេញថវិកា និងមូលនិធិនេះត្រូវដំណើរការយ៉ាងម៉េចជាដើម នៅមិនមានការកំណត់យ៉ាងច្បាស់លាស់ នៅឡើយទេ។ បូករួមទាំងអាកប្បកិរិយាអសកម្ម និងឱនភាពស្មោះត្រង់របស់ប្រទេសអភិវឌ្ឍន៍ ដូច្នេះ ត្រូវធ្វើការចរចានិងសកម្មភាពជាក់ស្តែងថែមមួយកម្រិតទៀត។

ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ ជានិច្ចកាល ប្រទេសចិនជាអ្នកប្រតិបត្តិជាក់ស្តែង ក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ជាប់រហូត។ នៅឆ្នាំ២០២១ ការបញ្ចេញកាបូនឌីអុកស៊ីតគិតជាមធ្យមនៃ GDP របស់ចិនបានធ្លាក់ចុះប្រហែល៣៤,៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១២ ពោលគឺបានកាត់បន្ថយបរិមាណបញ្ចេញ កាបូនឌីអុកស៊ីត ចំនួន៣ពាន់៧រយលានតោន។ ការវិនិយោគទុនសរុបរបស់ប្រទេសចិនលើវិស័យថាមពល អាចកកើតឡើងវិញបានឡើងដល់ ៣សែន៨ម៉ឺនលានដុល្លារអាមេរិក ដែលកាន់ចំណាត់ថ្នាក់ទីមួយនៅលើទូទាំងពិភពលោក។

«ផែនដីរបស់យើងនៅតែស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ដដែល»។ ការវាយតម្លៃរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិគួរឱ្យមនុស្សគ្រប់រូបគិតពិចារណាឱ្យបានជ្រាលជ្រៅ។ សមិទ្ធផលដែល COP27 ទទួលបាននោះគឺបានមកដោយមិនងាយទេ ប៉ុន្តែ បន្ទាប់មក នៅមានកិច្ចការជាច្រើនត្រូវយើងធ្វើ។ ក្នុងនោះ ការងារជាគន្លឹះគឺប្រទេសអភិវឌ្ឍន៍ ត្រូវបំពេញកិច្ចសន្យារបស់ខ្លួន និងអនុវត្តកិច្ចសន្យាយ៉ាងប្រាកដប្រជា៕

វិទ្យុមិត្តភាពកម្ពុជាចិន