(កៀវ)៖ រុស្ស៊ីបានប្រើយុទ្ធសាស្ត្រវាយផ្តាច់ភ្លើង និងទឹកដាក់លើបណ្តាតំបន់ទីប្រជុំជនអ៊ុយក្រែន ដើម្បីបង្ខំឱ្យអ៊ុយក្រែនចូលតុចរចា, ប៉ុន្តែអ៊ុយក្រែនវេលាចុងក្រោយ ត្រូវគេរាយការណ៍ថា បានសម្រេចជ្រើសយកការចរចាលើសមរភូមិវិញ ជាជាងការចរចារកសន្តិភាព។ ភាពមិនត្រូវគ្នានេះ អ្នកដែលកំពុងរងគ្រោះជាបន្ត គឺប្រជាពលរដ្ឋអ៊ុយក្រែន។ ជីវិតរបស់មនុស្សរាប់លាននាក់ នឹងស្ថិតក្រោមការគំរាមកំហែងនៅក្នុងប្រទេសអ៊ុយក្រែន ក្នុងរដូវរងារនេះ គ្រាដែលហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ថាមពលកម្តៅ ត្រូវបានបំផ្លាញនិងខូចខាតខ្ទេចខ្ទី ដោយសារតែការវាយប្រហាររបស់រុស្ស៊ី។

នាយកប្រចាំតំបន់របស់អង្គការសុខភាពពិភពលោកប្រចាំទ្វីបអឺរ៉ុប លោកវេជ្ជបណ្ឌិត Hans Henri P Kluge បានថ្លែងថា ពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ត្រូវបានខូចខាត ឬត្រូវបានបំផ្លាញ និងមនុស្ស១០លាននាក់កំពុងរស់នៅដោយគ្មានអគ្គីសនីប្រើប្រាស់។ លោកវេជ្ជបណ្ឌិត Hans Henri P Kluge បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធថាមពលអគ្គីសនីរបស់អ៊ុយក្រែនប្រមាណពាក់កណ្តាល ត្រូវបានខូចឬត្រូវបានបំផ្លាញ។ នេះគឺជាការប៉ះទង្គិចខ្លាំងណាស់លើប្រព័ន្ធសុខភាព និងលើចំណោទសុខភាពរបស់មនុស្ស។

សីតុណ្ហភាពត្រជាក់ក្នុងរដូវរងារ បានបន្តធ្លាក់ចុះ និងត្រូវបានគេព្យាករណ៍ថា នឹងបន្តធ្លាក់ចុះដល់ -20C នៅក្នុងតំបន់មួយចំនួន។ អង្គការសុខភាពពិភពលោកបានកត់ត្រា នូវការវាយប្រហារដោយរុស្ស៊ីចំនួន 703 ដង លើហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់សុខភាព ចាប់តាំងពីអំពើឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្តើម។ កាលពីសប្តាហ៍មុន រុស្ស៊ីបានវាយប្រហារច្រើនថែមទៀតដាក់ទៅលើគោលដៅនៃកន្លែងថាមពល និងលើសំណង់អគារស៊ីវិល តាមរយៈការវាយប្រហារផ្លូវអាកាសដ៏ខ្លាំងបំផុតមួយ។ គ្រាន់តែនៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ តែមួយថ្ងៃប៉ុណ្ណោះ ការវាយប្រហាររបស់រុស្ស៊ីដាក់លើអ៊ុយក្រែនមានចំនួនប្រមាណជិត៤០០ដង។

ការវាយប្រហារលើទីតាំងនិងមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលអគ្គីសនីនេះ ត្រូវគេចាត់ទុកថាជាយុទ្ធសាស្ត្ររបស់រុស្សី បន្ទាប់ពីនៅលើសមរភូមិវេលាចុងក្រោយនេះ កងកម្លាំងរុស្ស៊ី បានធ្វើការដកថយក្រោយដោយសារការវាយប្រហារខ្លាំងរបស់អ៊ុយក្រែន ដែលមានជំនួយនិងអាវុធយោធាទំនើបផ្តល់ពីប្រទេសលោកខាងលិច និងពីសហរដ្ឋអាមេរិក ដូចជាអាវុធ HIMARS នោះជាដើម។ កម្លាំងរុស្ស៊ីវេលាចុងក្រោយនេះ ត្រូវបានគេឃើញធ្វើការដកចេញពីក្រុង Kherson នោះទៀតជាដើម។ ប៉ុន្តែរុស្ស៊ីដើម្បីស្តារការបាក់មុខក្នុងការដកថយលើសមរភូមិ បានប្រើប្រាស់យុទ្ធវិធីថ្មីតាមរយៈការវាយប្រហារផ្លូវអាកាស តម្រង់មកលើគោលដៅផ្គត់ផ្គង់ទឹកនិងភ្លើង ខណៈដែលរដូវចុះត្រជាក់បង្កភាពរងារ បានធ្វើឱ្យពលរដ្ឋក្នុងទ្វីបអឺរ៉ុប ត្រូវ ការថាមពលកម្តៅជាខ្លាំង។

គួរជាបញ្ជាក់ថាជារៀងរាល់ឆ្នាំ ភាពត្រជាក់ក្នុងទ្វីបអឺរ៉ុបបើទោះបី ជាមិនទាន់មានការខ្វះខាតនូវថាមពលកម្តៅក៏ដោយ ប៉ុន្តែតែងបានធ្វើឱ្យមានមនុស្សស្លាប់ ជាប្រចាំប្រមាណ២០ម៉ឺននាក់។ ប៉ុន្តែក្នុងរដូវត្រជាក់ក្នុងឆ្នាំ២០២២ ដែលកំពុងមានការខ្វះថាមពលកម្តៅ ដោយសារតែកត្តាសង្គ្រាមរុស្ស៊ីដាក់លើប្រទេសអ៊ុយក្រែននេះ និងធ្វើឱ្យថាមពលកម្តៅប្រើប្រាស់គ្រប់គ្រាន់មិនដូចពីមុននោះ នឹងត្រូវគេរំពឹងថាអាចធ្វើឱ្យតួលេខមនុស្សស្លាប់ក្នុងរដូវត្រជាក់ នឹងមានការកើនឡើង ជាពិសេសក្នុងប្រទេសអ៊ុយក្រែន ។
លោកវេជ្ជបណ្ឌិត Kluge នៃអង្គការសុខភាពពិភពលោកលោក បានប្រាប់សន្និសីទសារព័ត៌ មាននៅរដ្ឋធានី Kyiv របស់អ៊ុយក្រែនក្នុងសប្តាហ៍នេះថា បើនិយាយឱ្យសាមញ្ញ រដូវរងានេះ គេនឹងត្រូវនិយាយអំពីការដែលអាចរួចខ្លួនមានជីវិតរស់នៅ។ លោកវេជ្ជបណ្ឌិត Kluge បានថ្លែងថាអង្គការសុខភាពពិភពលោកបានរកឃើញថាមានការ វាយប្រហារចំនួន៧០៣លើក ដាក់លើប្រព័ន្ធសុខភាពចាប់តាំងពីមានសង្គ្រាមចាប់ផ្តើមប្រមាណ៩ខែមកនេះ។ លោកថ្លែងថា ការវាយប្រហារដាក់លើប្រព័ន្ធសុខភាពនេះ គឺជាការបំពានច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់របស់សង្គ្រាម។ លោកបានបន្ថែមថា ប្រព័ន្ធសុខភាពរបស់អ៊ុយក្រែនកំពុងប្រឈមមុខនឹងថ្ងៃដ៏ខ្មៅងងឹតបំផុត នៅក្នុងសង្គ្រាមមកទល់ពេលនេះ។

លោកថ្លែងទៀតថា ដំណោះស្រាយដ៏ល្អបំផុតរបស់វា គឺការបញ្ចប់សង្គ្រាម។ លោកបាននិយាយបន្តថា ដោយសារតែការវាយប្រហារនោះហើយ បានបណ្តាលឱ្យមន្ទីរពេទ្យច្រើនរយកន្លែង និងកន្លែងថែទាំសុខភាព លែងមានដំណើរការពេញលេញ ដោយការខ្វះប្រេងឥន្ធនៈ, ខ្វះទឹក និងដាច់អគ្គិសនី ដែលជាមូលដ្ឋាន សំខាន់បំផុតមិនអាចខ្វះបានឡើយ។ លោកបានមើលឃើញថា កន្លែងសម្ភព ត្រូវការកន្លែងដែលត្រូវថែរក្សាទារក, ការរក្សាឈាម ក៏ត្រូវការទូត្រជាក់ផ្គត់ផ្គង់ដោយអគ្គីសនី, គ្រែសម្រាប់ថែទាំអ្នកជម្ងឺក៏ត្រូវពឹងផ្អែកខ្លាំង លើម៉ា ស៊ីនដកដង្ហើម។ ហើយអ្វី "ទាំងអស់គឺត្រូវការថាមពល" ដែលគេមិនអាចខ្វះបានឡើយ។

មន្ត្រីអង្គការសុខភាពពិភពលោក បានថ្លែងរំពឹងថា «នឹងអាចមានមនុស្សច្រើនប្រមាណពី ២ ដល់៣លាននាក់ ក្នុងការធ្វើដំណើរចាកចេញពីផ្ទះរបស់គេដើម្បីស្វែងរកទីកន្លែងដែលមាន ផ្តល់ថាមពលកម្តៅ និងកន្លែងដែលផ្តល់សុវត្ថិភាព។ ពួកគេនឹងប្រឈមឧបសគ្គតែមួយគត់ គឺឧបសគ្គនៃសុខភាព ក្នុងនោះរួមមានទាំងភាពប៉ះពាល់លើជម្ងឺផ្លូវដង្ហើមដូចជាជម្ងឺឆ្លងកូវីដ-១៩, ជម្ងឺទឹកចូលសួត និងជម្ងឺគ្រុនផ្តាសាយធំនោះ ជាដើម»។ មន្ត្រីអង្គការសុខភាពពិភពលោក បានព្រមានជុំវិញការកើតនូវជម្ងឺខាន់ស្លាក់ (diphtheria) និងជម្ងឺអុតកញ្ជ្រឹល (Measles) ក្នុងរង្វង់ពល រដ្ឋដែលមានការចាក់ថ្នាំការពារមិនទាន់បានគ្រប់គ្រាន់។

លោកវេជ្ជបណ្ឌិត Kluge បាននិយាយបន្តទៀតថា លោកក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ អ្នកផ្ទុកមេរោគអេដស៍ចំនួន១ម៉ឺន៧ពាន់នាក់ នៅទីក្រុង Donetsk «ដែលពួកគេអាចនឹងអស់ ថ្នាំជួយការពារប្រឆាំងមេរោគអេដស៍ក្នុងពេលឆាប់ៗនេះ ដែលថ្នាំទាំងនោះ គឺជាថ្នាំអាច ជួយបន្តឱ្យពួកគេនៅមានជីវិត»។ ប៉ុន្តែភាគច្រើននៃទីក្រុង Donetskនោះ បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ លោកវេជ្ជបណ្ឌិត Kluge បាននិយាយថា លោកកំពុងអំពាវនាវ ជាបន្ទាន់ឱ្យបង្កើតច្រករបៀងសុខភាពមនុស្សធម៌ ដើម្បីឱ្យមានជាតំបន់គ្រប់គ្រងថ្មី»។ លើសពីនេះទៀត គេក៏មានការព្រួយបារម្ភអំពីករណីឆ្លងជម្ងឺ Covid កើនឡើងផងដែរ។ លោកវេជ្ជបណ្ឌិត Kluge បាននិយាយថា "ជាមួយនឹងអត្រាការចាក់ថ្នាំវ៉ាក់សាំងមូលដ្ឋាន គឺនៅមានកម្រិតទាបនៅឡើយ ប្រជាជនអ៊ុយក្រែនរាប់លាននាក់នឹងប្រឈមភាពស៊ាំចុះខ្សោយ ឬពួកគេនឹងមិនមានភាពស៊ាំនឹងជម្ងឺ Covid នោះឡើយ ។

សម្តីព្រមានដាស់តឿនរបស់មន្ត្រីអង្គការសុខភាពពិភពលោកនេះ គឺនៅចំពេលដែលការធ្លាក់ព្រិលបានឈានចូលមកដល់ ដោយធ្វើឱ្យសីតុណ្ហភាពកាន់តែធ្លាក់ចុះត្រជាក់កាន់តែខ្លាំង។ នៅទី ក្រុង Kyiv ព្រិលបានគ្របដណ្តប់លើផ្លូវដើរ។ សួនកុមារដែលធ្លាប់មានមនុស្សលេងក្នុងពេលព្រិលធ្លាក់ ប៉ុន្តែពេលនេះគ្មានមនុស្សបានមកលេងទៀតទេ។ ចំណែកកៅអីក្នុងសួនក៏គ្មាន មនុស្សមកអង្គុយលេងទៀតនោះដែរ។ មនុស្សតិចណាស់ត្រូវគេឃើញដើរនៅតាមផ្លូវ។ ពេលនេះ ទោះបីជាមានព្រិលធ្លាក់មកក៏ដោយ ប៉ុន្តែរដូវរងាពិតប្រាកដរបស់វា នៅមិនទាន់បាន ចាប់ផ្តើមជាផ្លូវការទេ ហើយសីតុណ្ហភាពទំនងជានឹងបន្តធ្លាក់ចុះបន្ថែមទៀត។

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលធ្លាប់ផលិតអគ្គិសនីច្រើនជាង 25% របស់អ៊ុយក្រែន ពេលនេះលែងបង្កើតថាមពលជួយផ្តល់ទៀតហើយ។ កាលពីចុងសប្តាហ៍កន្លងមកនេះ, អំពើបាញ់ផ្លោងបានកើតឡើងសាជាថ្មីនៅតំបន់រោងចក្រនោះ ដែលនាំឱ្យមានការបារម្ភការធ្លាយចេញនូវជាតិវិទ្យុសកម្ម។ ការបាញ់ផ្លោងនោះ ត្រូវបានភាគីទាំង២ បន្ទោសដាក់គ្នាទៅវិញទៅមកថែមទៀត។

ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi បានថ្កោលទោសចំពោះការវាយប្រហារនោះ ដោយនិយាយថាការបាញ់ដាក់លើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia បានកើតឡើងនៅក្បែរៗវិះតែនឹងប៉ះដល់មជ្ឈមណ្ឌលផ្តល់ថាមពលនោះ។ អ្នកជំនាញផ្នែកថាមពលអាតូមិក IAEA បានចូលទៅពិនិត្យកន្លែងនោះ កាលពីថ្ងៃចន្ទទី២១ វិច្ឆិកា និងពួកគេបាននិយាយថា មានការខូចខាតយ៉ាងច្រើន ប៉ុន្តែបញ្ជាក់ថាមិនទាន់មានការ ព្រួយបារម្ភអំពីសុវត្ថិភាពសន្តិសុខឬសុវត្ថិភាពបារម្ភអំពីគ្រោះថ្នាក់សាយភាយនុយក្លេអ៊ែរនោះឡើយ។
រុស្ស៊ីនិងអ៊ុយក្រែន បានចោទប្រកាន់គ្នាទៅវិញទៅមកថាបានធ្វើការវាយប្រហារដល់ លើមជ្ឈមណ្ឌលអគ្គីសនីដើរដោយថាមពលនុយក្លេអ៊ែរនោះ។

សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន គិតត្រឹមថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ គឺមានរយៈពេល២៧១ថ្ងៃ ហើយ។ រុស្ស៊ីបានថ្លែងថាការវាយប្រហារតាមផ្លូវអាកាសដែលកាន់តែបង្កើនសកម្មភាពនេះ គឺដើម្បីបង្ខំឱ្យអ៊ុយក្រែន ត្រូវចូលតុចរចារកការបញ្ចប់សង្គ្រាម ប៉ុន្តែអ៊ុយក្រែនវេលាចុងក្រោយនេះ បានសម្រេចជ្រើសយកការចរចាលើសមរភូមិវិញ ជាជាងការចរចារកសន្តិភាព៕