(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) នាថ្ងៃអង្គារនេះ បានប្រកាសថា ខាងរដ្ឋាភិបាលនឹងផ្តល់ ថវិកាឧបត្ថម្ភដល់ជនរងគ្រោះនិងក្រុមគ្រួសារពួកគេ បន្ទាប់ពីគ្រោះរញ្ជួយដីមួយ បានវាយប្រហារខេត្តជ្វាខាងលិច (West Java) ដែលសម្បូរមនុស្សរស់នៅច្រើន ហើយផ្តាច់ជីវិតមនុស្សកើនដល់១៦២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកប្រធានាធិបតីឥណ្ឌូណេស៉ី បានប្រកាសដូចខាងលើ ស្របពេលដែលលោកចុះទស្សនកិច្ច ទៅកាន់ក្រុងសៀនជួរ (Cianjur) នៃខេត្តជ្វាខាងលិច ជាកន្លែងដែលទទួលរងការវាយប្រហារចំផ្ទាល់ ដោយគ្រោះរញ្ជួយដីកម្រិត៥.៦រ៉ិចទ័រ កាលពីរសៀលថ្ងៃចន្ទសប្តាហ៍នេះ។

លោក វីដូដូ ក៏បានចេញបញ្ជាផងដែរឱ្យ ក្រុមភ្នាក់ងារជួយសង្រ្គោះផ្តោតអាទិត្យជាចម្បង ទៅលើការខិតខំតាមស្វែងរកនិងសង្រ្គោះ អាយុជីវិតអ្នកដែលនៅជាប់ខ្លួន ក្រោមគំនរបាក់បែកនៃអគារ ជាពិសេសនៅតាមតំបន់ដែលត្រូវបានកាត់ផ្តាច់ ដោយបំណាក់ដី។ អភិបាលខេត្តជ្វាខាងលិចបានអះអាងថា ក្នុងចំណោមអ្នកស្លាប់ មានជាច្រើននាក់គឺជាកុមារ ហើយមនុស្សជាង៣០០រយនាក់បានរងរបួស។ បើតាមទីភ្នាក់ងារជាតិរុករកនិងជួយសង្រ្គោះរបស់ឥណ្ឌូណេស៉ី ប្រជាជនជាង១៣,០០០នាក់ ត្រូវបានជម្លៀសទៅកាន់ជម្រកស្នាក់នៅបណ្តោះអាសន្ន។

ចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ ដែលស្ថិតក្នុងក្រុងសៀនជួរ បានកើតឡើងនៅជម្រៅត្រឹម ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់ និងមានចម្ងាយប្រហែល៧៥គីឡូម៉ែត្រ ពីភាគអាគ្នេយ៍នៃរដ្ឋធានីហ្សាការតា។ វាគឺជាជម្រៅដ៏រាក់មួយ ដែលអាចមានលទ្ធភាពបង្ក ការបំផ្លិចបំផ្លាញខ្លាំងបាន ទោះបីជារញ្ជួយដីនេះមានកម្រិតក្រោម៦រ៉ិចទ័រក៏ដោយ។

គួរបញ្ជាក់ថា ឥណ្ឌូណេស៉ីគឺជាប្រទេសមួយ ស្ថិតនៅតំបន់គេហៅថា ខ្សែក្រវាត់ភ្នំភ្លើងនៃមហាសមុទ្រប៉ាស៉ីហ្វិក ដែលងាយរងគ្រោះបាតុភូតរញ្ជួយដីនិងបន្ទុះភ្នំភ្លើងញឹកញាប់៕