(ឡុងដ៍)៖ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia របស់ប្រទេសអ៊ុយក្រែន ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ត្រូវបានរងការបាញ់ផ្លោងកាលពីថ្ងៃអាទិត្យ (២០ វិច្ឆិកា) ដោយទទួលបានការថ្កោលទោសពីប្រមុខឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ដែលបាននិយាយថា ការវាយប្រហារបែបនេះបានប្រថុយនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។

ការទម្លាក់គ្រាប់បែកលើរោងចក្រនុយក្លេអ៊ែរ នៅភាគខាងត្បូងអ៊ុយក្រែនបានធ្វើឱ្យមានការព្រួយបារម្ភអំពីលទ្ធភាព នៃគ្រោះថ្នាក់ធ្ងន់ធ្ងរដែលមានចម្ងាយត្រឹមតែ ៥០០គីឡូម៉ែត្រ ពីទីតាំងនៃឧបទ្ទវហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុត របស់ពិភពលោកកាលពីឆ្នាំ១៩៨៦។

ក្រុមការងាររបស់ IAEA បាននិយាយថា មានការខូចខាតដល់អគារ ប្រព័ន្ធ និងឧបករណ៍មួយចំនួននៅក្នុងរោងចក្រ ដែលជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់អឺរ៉ុប។

លោក Rafael Grossi ប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ព័ត៌មានពីក្រុមរបស់យើងកាលពីម្សិលមិញ និងព្រឹកនេះ គឺពិតជាមានបញ្ហាយ៉ាងខ្លាំង»

លោកបានបន្តថា «ការផ្ទុះបានកើតឡើងនៅទីតាំងរោងចក្រនុយក្លេអ៊ែរដ៏ធំនេះ វាជារឿងមិនអាចទទួលយកបានទេ។ អ្នកណានៅពីក្រោយរឿងនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។ ដូចដែលខ្ញុំបាននិយាយជាច្រើនដងរួចមកហើយ អ្នកកំពុងលេងជាមួយភ្លើង»